ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានស្វាគមន៍កាលពីថ្ងៃអង្គារ (១៧ តុលា) ដោយសមភាគីចិន និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងឱកាសនៃកិច្ចប្រជុំកំពូល «ផ្លូវសូត្រថ្មី» នៅទីក្រុងប៉េកាំង ខណៈចំណាប់អារម្មណ៍របស់ពិភពលោក កំពុងផ្តោតលើ សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។

ស្ថានទូតរុស្ស៊ី បាននិយាយនៅក្នុងសារមួយ ដែលបានបង្ហោះលើបណ្ដាញសង្គម X ថា «លោកប្រធានាធិបតី ស៊ី ជីនពីង បានស្វាគមន៍លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅពេលលោកបានទៅដល់ ហើយមេដឹកនាំទាំងពីរ បានធ្វើការសន្ទនាខ្លីមួយជាមួយគ្នា»។

កិច្ចប្រជុំពេញលេញរវាងប្រមុខរដ្ឋទាំងពីរ គ្រោងធ្វើឡើងនៅថ្ងៃពុធ (១៨ តុលា) នេះ ហើយសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ព្រមទាំងការចោទប្រកាន់ថា រុស្ស៊ីគាំទ្រក្រុមហាម៉ាស នឹងក្លាយជាប្រធានបទសំខាន់ជុំវិញការបង្ហាញខ្លួនរបស់លោកពូទីន នៅក្នុងព្រឹត្តិការណ៍ «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសចិនមួយនេះផងដែរ៕