កងកម្លាំងអ៊ុយក្រែន បានប្រើប្រាស់មីស៊ីលតាកទិចរយៈចម្ងាយឆ្ងាយ ប្រភេទ ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ជាលើកដំបូង ដោយបានធ្វើឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរលើអាកាសយានដ្ឋានចំនួនពីរ នៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ី ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារថា អាវុធនោះបាន «បង្ហាញពីភាពខ្លាំងក្លារបស់អ៊ុយក្រែន»។

យោធាអ៊ុយក្រែន បានចេញរបាយការណ៍ពេញមួយថ្ងៃ អំពីការវាយប្រហារប្រកបដោយជោគជ័យ និងច្បាស់លាស់ លើអាកាសយានដ្ឋាននៅជិតទីក្រុងលូហាន់ស៍ (Luhansk) នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន និងនៅតំបន់បឺឌៀនស៍ (Berdiansk) ភាគខាងត្បូងនៅលើសមុទ្រអាហ្សូវ (Azov) ហើយតំបន់ទាំងពីរនោះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
អ៊ុយក្រែនបានស្នើម្តងហើយម្តងទៀត ដល់រដ្ឋបាលសហរដ្ឋអាមេរិក សម្រាប់មីស៊ីល ATACMS (ប្រព័ន្ធមីស៊ីលតាកទិចកងទ័ព)។ ទីក្រុងគីវ បានសន្យាថានឹងមិនប្រើអាវុធទាំងនោះនៅក្នុងទឹកដីរុស្ស៊ីទេ ប៉ុន្តែបាននិយាយថា សព្វាវុធដ៏មានឥទ្ធិពលនេះ នឹងផ្លាស់ប្តូរដំណើរនៃសង្រ្គាមដែលមានរយៈពេល ២០ខែនេះ។

មិនមានការអត្ថាធិប្បាយជាផ្លូវការណាមួយពីរុស្ស៊ី ជុំវិញបញ្ហានេះទេ ប៉ុន្តែមន្ត្រីដែលតែងតាំងដោយទីក្រុងមូស្គូនៅក្នុងតំបន់ ហ្សាប៉ូរីហ្សា (Zaporizhzhia) ដែលគ្រប់គ្រងដោយទីក្រុងមូស្គូ និងជាទីតាំងដែលគ្រប់គ្រងទីក្រុងបឺឌៀនស៍ នោះបាននិយាយថា គ្រាប់បែកចង្កោមពីមីស៊ីល ATACMS ត្រូវបានរកឃើញនៅទីនោះកាលពីថ្ងៃអង្គារផងដែរ៕