ភ្នំពេញ ៖ ក្រសួងអប់រំសម្រាប់ឆ្នាំ ២០២១នេះ នៅតែអាចរៀបចំការប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ សម្រាប់សិស្សវិទ្យាល័យថ្នាក់ទី១១ នៅរាជធានីភ្នំពេញ ទោះបីជាពេលនេះ កម្ពុជាប្រឈមនឹងបញ្ហាកូវីដ-១៩ យ៉ាងណាក្ដី។ ជាការចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ការប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២១នេះ ត្រូវផ្លាស់មករៀបចំតាមប្រព័ន្ធអនឡាញវិញ។
ជាការឆ្លើយតប តាមគោលនយោបាយស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា និងកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ អគ្គនាយកដ្ឋានយុវជននៅតែបន្តរៀបចំកម្មវិធី ប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ (National Youth Debate) ដែលកំណត់យកសិស្សថ្នាក់ទី១១ តាមគ្រឹះស្ថានអប់រំរដ្ឋនិងឯកជន នៅរាជធានីភ្នំពេញជាគោលដៅអាទិភាព ទោះឆ្នាំ២០២១នេះ កម្ពុជាកំពុងប្រឈមបញ្ហាកូវីដ-១៩យ៉ាងណាក្ដី។
កម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិនេះ ជាកម្មវិធីមានសារៈសំខាន់មួយ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយភ្ជាប់មកជាមួយនូវគោលបំណងសំខាន់ៗមួយចំនួនដូចជា បណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោល បណ្តុះសមត្ថភាពយុវជនក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលពួកគេជួបប្រទះតាមរយៈការសន្ទនា កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម ពង្រឹងជំនាញនៃការត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត ការទាក់ទាញការគាំទ្រ ជំនាញក្នុងការនិយាយសាធារណៈជាដើម ផ្តល់ឱកាសឱ្យយុវជនបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈក្នុងការជជែកដេញដោលក្នុងសមរភូមិគំនិតនៃសង្គមពុទ្ធិ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា បង្កើនបណ្តាញទំនាក់ទំនងល្អរវាងយុវជននិងយុវជន ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាក្នុងតម្លៃជាមិត្តភាព និងពង្រីកធនធានយុវជន ដើម្បីអាចអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សសម្រាប់ជាតិកម្ពុជា។
សម្រាប់កម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២១នេះ នឹងចាប់ផ្ដើមវគ្គជម្រុះដំបូង នៅថ្ងៃទី ៥ទី ៦ខែ មិថុនា នេះ ដោយមានការចូលរួមពីក្រុមយុវជនជាសិស្សថ្នាក់ទី ១១ចំនួន ១៦ ក្រុម ដើម្បីជម្រុះយកត្រឹម ៨ក្រុម ឈានទៅវគ្គជម្រុះទី២។ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិនេះ គឺនឹងមានការការផ្សាយផ្ទាល់ តាមរយៈទំព័រហ្វេសប៊ុក ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ៖ គឹមហុក

