កងកម្លាំងសន្តិសុខប៉ាឡេស្ទីន នៅទីក្រុង Ramallah បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់បែកផ្សែង ដើម្បីបំបែកក្រុមបាតុករដោយគប់ដុំថ្ម និងស្រែកប្រឆាំងប្រធានាធិបតីលោក Mahmoud Abbas កាលពីថ្ងៃអង្គារ ខណៈកំហឹងដ៏ខ្លាំងបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារលើមន្ទីរពេទ្យតំបន់ Gaza ដ៏ឃៅឃៅដែលប៉ាឡេស្ទីនបានដាក់កំហុសលើអ៊ីស្រាអែល។

ការវាយប្រហារទៅលើមន្ទីរពេទ្យ Al-Ahli al-Arabi តំបន់ហ្គាហ្សា ដែលក្រុមមន្ត្រីបាននិយាយថា បណ្តាលឲ្យមនុស្សប្រហែល ៥០០នាក់ស្លាប់ គឺជាឧបទ្ទវហេតុមួយមានមនុស្សស្លាប់ច្រើនបំផុតនៅតំបន់ហ្គាហ្សា ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាការក្នុងការសងសឹកចំពោះការវាយប្រហារដោយអាវុធរបស់ក្រុមហាម៉ាស ឆ្លងកាត់សហគមន៍អ៊ីស្រាអែល។

នៅទីក្រុង Hebron ក្រុមបាតុករបានចេញធ្វើបាតុកម្មមានកាន់ទង់ជាតិរបស់ក្រុមហាម៉ាស់ និងប្រកាសទីក្រុងនេះសម្រាប់ក្រុមហាម៉ាស់។ យោធាប្រទេសអ៊ីស្រាអែល បានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយដាក់កំហុសលើការបាញ់រ៉ុក្កែតរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលបរាជ័យ។ ការវាយប្រហារនេះ ធ្វើឲ្យមានការថ្កោលទោសពីប្រទេសលោកខាងលិច និងពិភពអារ៉ាប់ ហើយការតវ៉ាជាច្រើនត្រូវបានធ្វើឡើងនៅស្ថានទូតរបស់ប្រទេសអ៊ីស្រាអែលក្នុងប្រទេសទួរគី និងហ្ស៊កដានី និងនៅជិតស្ថានទូតអាមេរិកក្នុងប្រទេសលីបង់។
យោងតាមសាក្សីបានឱ្យដឹងថា ការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខប៉ាឡេស្ទីន ក៏បានផ្ទុះឡើងនៅក្នុងទីក្រុង Nablus, Tubas និងទីក្រុង Jenin តំបន់ West bank ជាទីក្រុងនៅភាគខាងជើងដែលជាគោលដៅផ្តោតសំខាន់នៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលកាលពីដើមឆ្នាំនេះ។
ការផ្ទុះឡើងបាតុកម្មនៅតំបន់ West Bank បង្ហាញពីកំហឹងរបស់ប៉ាឡេស្ទីនដែលកំពុងឆេះជាយូរមកហើយប្រឆាំងលោក Abbas ដែលកងកម្លាំងបានប្រឈមមុខការរិះគន់ចំពោះការសម្របសម្រួលជាមួយអ៊ីស្រាអែល លើបញ្ហាសន្តិសុខនៅលើដែនដីនេះ។