ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបោះឆ្នោតនៅថ្ងៃពុធនេះ លើសេចក្តីសម្រេចពង្រាងដោយប្រទេសប្រេស៊ីល ដែលអំពាវនាវឲ្យផ្អាកការប្រយុទ្ធសម្រាប់សកម្មភាពមនុស្សធម៌នៅក្នុងជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ដើម្បីអនុញ្ញាតឱ្យមានដំណើរការជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា។

ក្រុមអ្នកការទូត បាននិយាយថា ក្រុមប្រឹក្សានេះត្រូវបានគេរំពឹងថានឹងពិភាក្សា តាមសំណើរបស់ប្រទេសអារ៉ាប់រួម និងប្រទេសរុស្ស៊ី ខណៈមានការបំផ្ទុះនៅមន្ទីរពេទ្យហ្គាហ្សា ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់កាលពីថ្ងៃអង្គារ។

បេសកជនអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន លោក Riyad Mansour បានដាក់កំហុសលើកងកម្លាំងអ៊ីស្រាអែលចំពោះការសម្លាប់រង្គាល នៅមន្ទីរពេទ្យ ដោយអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់។ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសអ៊ីស្រាអែល លោក Gilad Erdan បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់ក្រុមសកម្មប្រយុទ្ធ អ៊ីស្លាមជីហាតប៉ាឡេស្ទីន សម្រាប់ការទទួលខុសត្រូវ។
ក្រុមជីហាតអ៊ីស្លាម បានបដិសេធការចោទប្រកាន់នេះ ហើយសារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យថានណាជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះនេះទេ។
ក្រុមប្រឹក្សាដែលមានសមាជិកចំនួន ១៥ រូប ដំបូងបានកំណត់ពេលបោះឆ្នោតកាលពីថ្ងៃច័ន្ទលើសេចក្តីព្រាងរបស់ប្រទេសប្រេស៊ីល ប៉ុន្តែវាត្រូវបានពន្យារពេល ២៤ ម៉ោង ដើម្បីអនុញ្ញាតពេលវេលាបន្ថែមទៀតសម្រាប់ការចរចា។ បន្ទាប់មក សហរដ្ឋអាមេរិក បានជំរុញឱ្យមានការពន្យារពេល ខណៈប្រធានាធិបតីលោក Joe Biden ធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធនេះ។
វាមិនច្បាស់នោះទេថាតើ សហរដ្ឋអាមេរិក ដែលមានអំណាចប្រើប្រាស់សិទ្ធិវេតូ តែងតែការពារអ៊ីស្រាអែល ជាសម្ព័ន្ធមិត្តរបស់ខ្លួនពីសកម្មភាពណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខ នឹងអនុញ្ញាតឱ្យដំណោះស្រាយនេះអនុម័តឬយ៉ាងណា។