ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីដាក់ឲ្យដំណើរការសាកល្បងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ រហូតមកដល់បច្ចប្បន្ននេះ ប្រជាពលរដ្ឋដែលប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន ឬហៅថា បុគ្គលស្វ័យនិយោជន៍ មានចំនួន ៥៧ ៨២៩ នាក់ហើយ ដែលបានស្នើសុំធ្វើប័ណ្ណ ប.ស.ស. តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត ។
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តនូវគម្រោងសាកល្បងរបបថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត ប្រជាពលរដ្ឋដែលកំពុងប្រកបរបរ និងរកចំណូលផ្ទាល់ខ្លួន មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគេអាចមានសិទ្ធិក្នុងការស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. និងទទួលបានការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព ដូចទៅនឹងមន្រ្តីរាជការ និងអ្នកដែលកំពុងមានការងារធ្វើជាសមាជិក ប.ស.ស. ដទៃទៀតដែរ។
នៅក្នុងបទសម្ភាស៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នាព្រឹកថ្ងៃទី១៨ ខែតុលានេះ អ្នកស្រី ម៉ាន់ រ៉ិម អាជីករលក់បន្លែ និងគ្រឿងទេស នៅសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាអាជីវករជាច្រើនទៀត បានលើកឡើងថា ពួកគាត់សប្បាយរីករាយខ្លាំងណាស់ ពីព្រោះមិនធ្លាប់នឹកស្មានថាអាចទទួលបានសិទ្ធិក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. ដូចអ្នកធ្វើការងារនៅតាមរោងចក្រ និងក្រុមហ៊ុនផ្សេងៗដែរ។
ពួកគាត់លើកឡើងស្រដៀងគ្នាថា ប័ណ្ណ ប.ស.ស. នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ជួយសម្រាលលើបន្ទុកចំណាយជាច្រើនពេលមានជំងឺត្រូវទៅរកការព្យាបាល។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា បុគ្គលស្វ័យនិយោជន៍ ក្រៅពីការផ្តល់របបថែទាំសុខភាព និងប្រាក់បំណាច់មាតុភាព រាជរដ្ឋាភិបាលនឹងផ្តល់ជូននូវប្រាក់បំណាច់ពេលឈប់សម្រាកពេលមានជំងឺ លើកាវតាលិកអប្បបរមាបន្ថែមទៀតផងដែរ។ ក្រៅពីនេះពួកគេក៏ទទួលបានរបបសន្តិសុខសង្គម ផ្នែកថែទាំងសុខភាព និងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដូចគ្នាទៅនឹងកម្មករនិយោជិត និងមន្រ្តីរាជការដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី




