ប្រទេសចិន នឹងថ្លឹងថ្លែងនៅសប្ដាហ៍នេះលើសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយការបញ្ជូនបេសកជនពិសេសរបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិក បានស្នើឲ្យចិនប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ឈប់ជម្លោះកុំឲ្យរីករាលដាល។

ទីក្រុងវ៉ាស៊ីនតោន និយាយថា ខ្លួនសង្ឃឹមថាមិត្តភាពរបស់ចិនជាមួយអ៊ីរ៉ង់ដែលគាំទ្រក្រុមហាម៉ាស អាចជួយទប់ស្កាត់ជម្លោះនេះបាន ជាពិសេស បន្ទាប់ពីទីក្រុងប៉េកាំង បានសម្របសម្រួលគូសត្រូវដ៏អង្វែង រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ កាលពីដើមឆ្នាំនេះ ។
អ៊ីរ៉ង់ បានព្រមានពីលទ្ធភាពនៃការធ្វើសកម្មភាពមុន ប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ខណៈអ៊ីស្រាអែលត្រៀមវាយលុកនៅលើដីលើតំបន់ហ្គាហ្សា ។ក៏មានភាពភ័យខ្លាចផងដែរ ថាក្រុមហេស្បូឡា មានមូលដ្ឋាននៅក្នុងប្រទេសលីបង់ដែល ត្រូវបានគាំទ្រដោយប្រទេសអ៊ីរ៉ង់ អាចនាំឲ្យផ្ទុះការប្រឈមដាក់គ្នាជាលើកទី២ជាមួយអ៊ីស្រាអែល ។

ប្រទេសចិន បានប្រកាសថា បេសកជនពិសេសលោក ចៃ ជុន (Zhai Jun ) នឹងបំពេញទស្សកិច្ចទៅកាន់មជ្ឈិមបូរព៌ានៅសប្ដាហ៍នេះ ដោយលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា វត្ថុបំណងរបស់បេសកជនពិសេស គឺដើម្បីសម្របសម្រួលការខ្វែងគំនិតជាអន្តរជាតិ ក៏ដូចជាជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់នយោបាយអរិភាពដាក់គ្នា បន្ធូរបន្ថយកម្ដៅស្ថានការណ៍ និងបង្កើតខណ្ឌចាំបាច់សម្រាប់ដំណោះស្រាយនយោបាយ៕