អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងដាក់បម្រាមលើជនជាតិអាមេរិក មិនឱ្យវិនិយោគនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា និងការពារជាតិរាប់សិបអង្គភាពរបស់ប្រទេសចិន ដែលមានជាប់ទាក់ទងនឹងយោធា។

ក្រឹត្យថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី២ ខែសីហាខាងមុខនេះ ដែលនឹងប៉ះពាល់ដល់ក្រុមហ៊ុនចំនួន ៥៩ ក្នុងនោះមានក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្ស Huawei ផងដែរ។ បញ្ជីឈ្មោះក្រុមហ៊ុននឹងត្រូវធ្វើបច្ចុប្បន្នភាពជាមូលដ្ឋាន។ វិធានការនេះនឹងបន្ថែមពីលើក្រឹត្យដែលចេញដោយ អតីតប្រធានាធិបតី លោក Donald Trump សូម្បីតែមុនពេលការប្រកាសជាផ្លូវការក៏ដោយ ក៏ប្រទេសចិនបានលើកឡើងថា ខ្លួនសងសឹកវិញដែរ។ ក្រោមបទបញ្ជាថ្មី វិនិយោគិនអាមេរិកនឹងត្រូវហាមឃាត់មិនឱ្យទិញ ឬលក់មូលប័ត្រដែលធ្វើពាណិជ្ជកម្មជាសាធារណៈ សម្រាប់ក្រុមហ៊ុនផ្សេងទៀត រួមមានសាជីវកម្មថាមពលនុយក្លេអ៊ែរទូទៅរបស់ចិនក្រុមហ៊ុន China Mobile Limited និងក្រុមហ៊ុន Costar Group។
មន្ត្រីមួយរូបនៅសេតវិមានបាននិយាយថា បទបញ្ជានេះនឹងបន្ថែមបញ្ជីកាលពីកន្លងទៅ ដែលមានក្រុមហ៊ុនចំនួន ៣១ ដើម្បីដាក់បញ្ចូលក្រុមហ៊ុនផលិតកាមេរ៉ាសុវត្ថិភាព និងមានគោលបំណងធានាថា ប្រជាជនអាមេរិកមិនអាចផ្ដល់ហិរញ្ញប្បទាន ដល់ឧស្សាហកម្មយោធារបស់សាធារណរដ្ឋប្រជាមានិតចិនបានឡើយ៕
អត្ថបទ៖ សុខមាន