តុលាការកំពូលរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ (១៧ តុលា) បានបដិសេធមិនផ្ដល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍ភេទដូចគ្នានោះទេ ហើយទុកឱ្យសភាធ្វើការសម្រេច ដោយយល់ស្របជាមួយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ថា សភា គឺជាវេទិកាត្រឹមត្រូវក្នុងការគ្រប់គ្រងលើបញ្ហាចម្រូងចម្រាសបែបនេះ។

ដីកាជាឯកច្ឆ័ន្ទរបស់ចៅក្រមចំនួនប្រាំរូបនេះ បានធ្វើឡើង ខណៈបង្កជាការខកចិត្តយ៉ាងខ្លាំងចំពោះសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា (LGBTQ) ដ៏ធំ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ រយៈពេលប្រាំឆ្នាំបន្ទាប់ពីតុលាការបានលុបចោលការហាមប្រាមក្នុងសម័យអាណានិគម លើការរួមភេទសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។

រដ្ឋបាលគណបក្សជាតិនិយម BJP របស់លោក Modi បានជំទាស់នឹងញត្តិទៅតុលាការលើបញ្ហានេះ ដោយនិយាយថា ការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា គឺមិនអាចប្រៀបធៀបជាមួយនឹងគោលគំនិតគ្រួសារឥណ្ឌា ដែលរួមមានប្តី ប្រពន្ធ និងកូន នោះទេ។
ការសម្រេចរបស់តុលាការនេះ បានធ្វើឡើងដើម្បីឆ្លើយតបនឹងញត្តិជាង១២ច្បាប់ ដែលបានដាក់តាំងពីឆ្នាំមុន។
តុលាការកំពូល ដែលដឹកនាំដោយលោកប្រធានចៅក្រម D.Y. Chandrachud បានបើកសវនាកាស្តាប់ទឡ្ហីករណ៍កាលពីខែមេសា និងខែឧសភា ហើយបានប្រកាសសាលក្រមប្រឆាំង កាលពីថ្ងៃអង្គារម្សិលមិញនេះ៕