ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៧ តុលា) ថា ការឡោមព័ទ្ធរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងបញ្ជាជម្លៀសខ្លួនសម្រាប់ភាគខាងជើងនៃតំបន់នេះ អាចជាការផ្ទេរជនស៊ីវិលដោយបង្ខំ និងបំពានច្បាប់អន្តរជាតិ។

ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ លោកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា អ៊ីស្រាអែលហាក់ដូចជាមិនបានខិតខំប្រឹងប្រែងដើម្បីធានាថា ជនស៊ីវិលដែលត្រូវបានជម្លៀសជាបណ្ដោះអាសន្ននៅតំបន់ហ្គាហ្សា ត្រូវបានផ្តល់កន្លែងស្នាក់នៅសមរម្យ ក៏ដូចជាលក្ខខណ្ឌអនាម័យ សុខភាព សុវត្ថិភាព និងអាហារូបត្ថម្ភនោះទេ ហើយការធ្វើបែបនោះ «ស្មើនឹងការផ្ទេរជនស៊ីវិលដោយបង្ខំ»។

នៅក្នុងការអត្ថាធិប្បាយដាច់ដោយឡែកមួយ កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា ការផ្គត់ផ្គង់ស្បៀងអាហាររបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា កំពុងមានកម្រិតទាប ប៉ុន្តែខ្លួនកំពុងស្តុកទុកការផ្គត់ផ្គង់នៅក្នុងទីក្រុង អាល់ អារីស (Al-Arish) របស់ប្រទេសអេហ្ស៊ីប នៅក្បែរនោះ។
រថយន្តដឹកទំនិញជាច្រើនគ្រឿង ដែលផ្ទុកសម្ភារផ្គត់ផ្គង់ បានធ្វើដំណើរឆ្ពោះទៅកាន់ច្រកព្រំដែន Rafah ក្នុងប្រទេសអេហ្ស៊ីប ដែលជាចំណុចចូលតែមួយគត់ទៅកាន់តំបន់ដែលនៅក្រៅការគ្រប់គ្រងរបស់អ៊ីស្រាអែល ទោះបីជាគេមិនប្រាកដថា រថយន្តជំនួយទាំងនោះអាចឆ្លងកាត់បាន ឬយ៉ាងណានោះទេ៕