ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីបណ្តោះអាសន្នប៉ាគីស្ថាន លោក Anwaar-ul-Haq Kakarថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេច ដើម្បីបំពេញកាតព្វកិច្ចទាំងអស់ទាក់ទងនឹងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិនៅបរទេស រួមទាំងដល់ប្រទេសប៉ាគីស្ថានផងដែរ។

មេដឹកនាំរុស្ស៊ីរូបនេះ បានធានាថា៖«ឆ្នាំនេះ ខ្ញុំជឿថា គ្រាប់ធញ្ញជាតិមួយលានតោន ត្រូវបានផ្គត់ផ្គង់ដល់ប្រទេសរបស់លោក។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញកាតព្វកិច្ចរបស់យើង ហើយខ្ញុំត្រូវតែកត់សម្គាល់ថា មានហេតុផល និងលក្ខខណ្ឌទាំងអស់សម្រាប់រឿងនេះ»។
លោកពូទីន បានរំលឹកដែរថា កាលពីឆ្នាំមុន ប្រទេសរុស្ស៊ី មានការប្រមូលផលបានច្រើនបំផុត ដោយនាំឲ្យទទួលបានគ្រាប់ធញ្ញជាតិចំនួន១៥៨លានតោន។
លោកបាននិយាយថា៖«កាលពីឆ្នាំមុន យើងបានប្រមូលផលគ្រាប់ធញ្ញជាតិបានខ្ពស់គឺ ១៥៨លានតោន។ ឆ្នាំនេះ ក៏នឹងល្អផងដែរ។ វាច្បាស់ណាស់ថា វានឹងមានប្រហែល១៣៧-១៣៨លានតោន។ បរិមាណនេះ គឺប្រហាក់ប្រហែល។ គឺថាជាសក្តានុពលនៃការនាំចេញ នឹងរឹងមាំ ស្រដៀងទៅនឹងឆ្នាំមុន ដែលមានចំនួនប្រហែលពី ៥០ទៅ៦០លានតោន»។
