ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃអង្គារ (១៧ តុលា) ថា សហភាពអឺរ៉ុប បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាលើកដំបូងរបស់ពួកគេ ដើម្បីពង្រឹង «តួនាទីជាអ្នកការពារ និងអ្នកផ្តល់សេវាសន្តិសុខសម្រាប់ពិភពលោក»។

ក្រុមទាហានបុរស និងស្ត្រី ជាង២.៨០០នាក់ មកពីប្រទេសអូទ្រីស អេស្ប៉ាញ បារាំង ហុងគ្រី អៀរឡង់ អ៊ីតាលី ម៉ាល់តា ព័រទុយហ្គាល់ និងមកពីប្រទេសរ៉ូម៉ានី កំពុងចូលរួមក្នុងសមយុទ្ធឈ្មោះ ម៉ៃឡេច-២៣ (MILEX-23) នៅឆ្នេរសមុទ្ររ៉ូតា ប្រទេសអេស្ប៉ាញ ដើម្បីបណ្តុះបណ្តាលសមត្ថភាពដាក់ពង្រាយយ៉ាងឆាប់រហ័សរបស់ពួកគេនៅខាងក្រៅសហភាពអឺរ៉ុប។
សហភាពអឺរ៉ុប មានគោលបំណងពង្រឹងសមត្ថភាពក្នុងការដាក់ពង្រាយទាហានរហូតដល់ ៥.០០០នាក់យ៉ាងឆាប់រហ័សនៅឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលជិតមកដល់ ព្រមទាំងស្ថានភាពវិបត្តិផ្សេងៗ។
ក្នុងអំឡុងពេលធ្វើសមយុទ្ធនោះ ក្រុមទាហានចូលរួមក្នុងប្រតិបត្តិការវាយប្រហារនិមិត្តតាមអាកាស ដើម្បីធានាសុវត្ថិភាពកំពង់ផែដ៏សំខាន់មួយ៕

