ការបំផ្ទុះនៅមន្ទីរពេទ្យមួយ ក្នុងតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ៥០០នាក់ កាលពីថ្ងៃអង្គារ (១៧ តុលា) នៅក្នុងឧប្បត្តិហេតុតែមួយគត់ ដែលមានមនុស្សស្លាប់ច្រើនបំផុត ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកមិនឈប់ឈរ ក្នុងការសងសឹកចំពោះការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា មក។

ភាគីទាំងពីរបានបដិសេធការទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកនេះ ដែលជំរុញឱ្យមានការផ្ទុះប្រតិកម្មចម្រុះជាច្រើនពីអន្តរជាតិ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា ខ្លួនមានការខឹងសម្បារ និងសោកស្តាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ផ្ទុះនៅមន្ទីរពេទ្យ អាល់ អាលី អារ៉ាប់ (Al Ahli Arab) ក្នុងតំបន់ហ្គាហ្សា ហើយលោកបានណែនាំក្រុមសន្តិសុខជាតិរបស់ខ្លួន ឱ្យបន្តប្រមូលព័ត៌មានលម្អិតអំពីរឿងរ៉ាវដែលបានកើតឡើងពិតប្រាកដ។

អង្គការសុខភាពពិភពលោក ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរ ចំពោះការវាយប្រហារលើមន្ទីរពេទ្យ នៅភាគខាងជើងនៃតំបន់ ហ្គាហ្សា ស្រ្ទីប មួយនេះ ដោយនិយាយថា មន្ទីរពេទ្យនេះដំណើរការដោយមានអ្នកជំងឺ អ្នកផ្តល់សេវាថែទាំសុខភាព និងអ្នកជម្លៀសខ្លួនខាងក្នុងដែលជ្រកកោននៅទីនោះ ហើយវាមិនមែនជាសមរភូមិប្រយុទ្ធគ្នានោះទេ។
មេដឹកនាំក្រុមហាម៉ាស និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានចោទដាក់គ្នាជុំវិញការបំផ្ទុះនោះ ហើយភាគីទាំងពីរបានបដិសេធថាមិនបានធ្វើការវាយប្រហារនោះទេ។

លើសពីនេះទៅទៀត ប្រទេសស៊ីរី និងទួរគី ក៏បានចូលរួមជាមួយបណ្ដាប្រទេសជាច្រើនទៀត ក្នុងការថ្កោលទោសការវាយប្រហារនេះផងដែរ ខណៈស៊ីរីបានទម្លាក់ទំនួលខុសត្រូវនេះលើបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ចំពោះការសម្លាប់រង្គាលមួយនេះ និងបញ្ហានៅប្រទេសដទៃទៀត ហើយទួរគី បានអំពាវនាវឱ្យមនុស្សជាតិទាំងអស់ចាត់វិធានការដើម្បីបញ្ឈប់អំពើឃោរឃៅ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ហ្គាហ្សា នេះផងដែរ៕