ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញបានស្នើរឱ្យអាជ្ញាធររាជធានីភ្នំពេញ ចាត់វិធានការ និងយកសត្វស្វាចេញឱ្យអស់ពីមូលដ្ឋានរស់នៅរបស់គាត់ ដោយសារតែស្វាបានយាយី និងរំខានដល់ការរស់នៅ និងការប្រកបរបរផ្សេងៗ។

ការស្នើរសុំរបស់ប្រជាពលរដ្ឋនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះដែរប្រជាពលរដ្ឋក៏បានស្នើឱ្យដោះស្រាយចំពោះក្រុមហ៊ុនឯកជនខួងដីនាំឱ្យស្រុតផ្ទះ និងមិនអនុវត្តតាមកិច្ចសន្យា សំណូមពរកុំឱ្យយកថវិកាថ្លៃសំរាមនៅតាមគ្រឹះស្ឋានសិក្សារបស់រដ្ឋ និងសូមឱ្យមានការគាំទ្រផលិតផលខ្មែរដូចគ្នា។

លោក សុខ ពេញវុធ បានមានប្រសាសន៍ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅខណ្ឌដូនពេញនេះ មានប្រជាពលរដ្ឋលើកឡើងជាសំណើរ និងសំណូមពរផ្ទាល់មាត់ចំនួន ៨នាក់ ស្នើនិង១៥បញ្ហា និងជាលាយលក្ខណ៍អក្សរចំនួន ៤០បញ្ហា។ ចំពោះសំណើរ និងសំណូមពរផ្ទាល់មាត់អាជ្ញាធរបានដោះស្រាយបញ្ចាប់រួចរាល់។ ចំពោះសំណើរជាលាយលក្ខណ៍អក្សរចំនួន៤០បញ្ហានឹងបញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍន៍៣ឆ្នាំរំកិល ហើយអ្វីដែលនៅសេសសល់នឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត។

ឯកឧត្តម ជួប ខុន បានមានប្រសាសន៍ថា ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅទូទាំង១៤ខណ្ឌនៃរាជធានី កាលពីឆ្នាំ២០២២កន្លងទៅ ប្រជាពលរដ្ឋបានលើកឡើងជាសំណើរ និងសំណូមពរចំនួន ៨៧០បញ្ហា ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយជូន។ ក្នុងចំនួននេះរដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយជូនរួចរាល់ចំនួន ៤៤៤បញ្ហា បានដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលចំនួន ២១៧បញ្ហា និងនៅសល់ ១០១បញ្ហា មិនទាន់បានដោះស្រាយ ដោយសារតែហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធររាជធានីភ្នំពេញ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






