ក្រុមមន្ត្រីយ៉េម៉ែន បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសយ៉េម៉ែន បានចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មអន្តរជាតិពីអាកាសយានដ្ឋានSanaa ឡើងវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីមានជម្លោះរវាងភាគីជម្លោះរបស់ប្រទេសជុំវិញការគ្រប់គ្រងមូលនិធិរបស់ក្រុមហ៊ុនអាកាសចរណ៍។

ក្រុមហ៊ុនអាកាសចរណ៍ Yemenia Airways បានផ្អាកជើងហោះហើរពាណិជ្ជកម្មតែមួយគត់ពីរដ្ឋធានីយ៉េម៉ែនកាលពីខែមុន ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បន្ទាប់ពីរដ្ឋបាលដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត បានចោទប្រកាន់ក្រុមហ៊ូធីពីបទរារាំងមូលនិធិអាកាសចរណ៍។ មន្ត្រីហ៊ូធី បានបដិសេធចំពោះរឿងនេះ។

មន្ត្រីពីររូប រួមទាំងប្រធានផ្នែកលក់របស់ក្រុមហ៊ុនYemenia លោក Mohsen Haydara បាននិយាយថា ជើងហោះហើរ បានដំណើរការឡើងវិញ កាលពីថ្ងៃអង្គារ ហើយថា យន្តហោះដែលបានជាប់គាំងនៅអាកាសយានដ្ឋាន Sanaa តាំងពីខែមុន បានហោះចេញពីព្រឹក ព្រលឹម។
លោក Haydara បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ បានកំណត់ពេលហោះហើរចំនួន៦សប្តាហ៍ទៅកាន់ទីក្រុងអាម៉ាន ប្រទេសហ្ស៊កដានី។