សភារបស់ប្រទេសទួរគីកាលពីថ្ងៃអង្គារ បានបន្តការអនុញ្ញាតដល់យោធា ដើម្បីបើកប្រតិបត្តិការឆ្លងព្រំដែននៅក្នុងប្រទេសជិតខាងស៊ីរី និងអ៊ីរ៉ាក់ រយៈពេលពីរឆ្នាំទៀត។

កិច្ចប្រតិបត្តិការទាំងនោះ ត្រូវបានអនុម័តជាលើកដំបូងក្នុងឆ្នាំ២០១៣ ដើម្បីគាំទ្រយុទ្ធនាការអន្តរជាតិប្រឆាំងនឹងក្រុមរដ្ឋឥស្លាម (IS) ហើយចាប់តាំងពីពេលនោះមក ត្រូវបានបន្តជារៀងរាល់ឆ្នាំ។
នៅឆ្នាំ២០២១ វាត្រូវបានបន្តជាថ្មីជាលើកដំបូងសម្រាប់រយៈពេលពីរឆ្នាំ ដោយផ្តល់ឲ្យលោកប្រធានាធិបតី រ៉េសិប តាយីប អេរដូហ្គែន (Recep Tayyip Erdogan) នូវពេលវេលាវែងជាងមុន ក្នុងការបន្តយុទ្ធនាការប្រឆាំងនឹងកងជីវពលឃើដ នៅក្នុងតំបន់ដែលភាពជ្រួលច្របល់នោះ។
សំណើដែលចុះហត្ថលេខាដោយលោកអេរដូហ្គែន បាននិយាយថា៖«វាមានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់ប្រទេសទួរគី ដើម្បីចាត់វិធានការចាំបាច់ស្របតាមសិទ្ធិ ដែលកើតចេញពីច្បាប់អន្តរជាតិប្រឆាំងនឹងហានិភ័យ ការគំរាមកំហែង និងសកម្មភាពគ្រប់ប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ របស់ប្រទេសទួរគី»។