កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បាននិយាយកាលពីថ្ងៃអង្គារទី១៧តុលាថា ខ្លួនមានជំនួយរាប់តោន កំពុងរង់ចាំការអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្គាហ្សា ជាទីដែលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបាននាំឲ្យមានវិបត្តិមនុស្សធម៌ និងបាននិយាយថា ការផ្គត់ផ្គង់អាហារ នៅក្នុងតំបន់ហ្គាហ្សា នឹងអស់ក្នុងរយៈពេលប៉ុន្មាថ្ងៃទៀតនេះ។

រូបភាពបញ្ចេញដោយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានបង្ហាញពីរថយន្តដឹកសម្ភារៈផ្គត់ផ្គង់ នៅក្នុងអាកាសយានដ្ឋាន Al-Arish ក្នុងឧបទ្វីបស៊ីណៃ ដែលនៅជិតច្រកឆ្លងដែន រ៉ាហ្វា (Rafah) ជាចំណុចចូលតែមួយគតទៅកាន់តំបន់ហ្គាហ្សា មិនត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល ។ប្រភពខាងលើនេះ បាននិយាយថា ការផ្គត់ផ្គង់អាហារដ៏សំខាន់នៅក្នុងតំបន់ហ្គាហ្សា នឹងបន្តបានត្រឹមតែរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ។

អេហ្ស៊ីប បាននិយាយថាច្រកព្រំដែន Rafah ពុំទាន់ត្រូវបានបិទជាផ្លូវការទេ ប៉ុន្តែ មិនអាចដំណើរការបាន ដោយសារតែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភាគីតំបន់ហ្គាហ្សា ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់តំបន់ហ្គាហ្សា បាននិយាយថា មនុស្សយ៉ាងហោចណាស់៤៩នាក់ បានស្លាប់ ក្នុងការវាយទម្លាក់គ្រាប់បែកទាំងយប់របស់អ៊ីស្រាអែល ទៅលើព្រំដែន Rafah និង ជិតទីក្រុង ខាន់យូនីស( Khan Younis)។
រថយន្តដឹកជំនួយរបស់អេហ្ស៊ីបបានរំកិលកាន់តែជិតកាលពីថ្ងៃអង្គារទៅកាន់ច្រកឆ្លងកាត់ Rafah ប៉ុន្តែដោយមិនមានកិច្ចព្រមព្រៀងក្នុងកន្លែងផ្តល់ជំនួយ ហើយភាគីប៉ាឡេស្ទីននៅតែបិទដោយសារតែការវាយប្រហារ គេមិនច្បាស់ថានៅពេលណាពួកគេអាចឆ្លងកាត់។ បន្ទាប់ពីការចរចារយៈពេល៩ម៉ោង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីព្រឹកថ្ងៃអង្គារថា លោកបានយល់ព្រមជាមួយអ៊ីស្រាអែល បង្កើតផែនការ ដើម្បីទទួលបានជំនួយទៅកាន់តំបន់ហ្គាហ្សា ៕