កីឡាករវាយកូនគោលកំពូល Rory McIlroy និងកំពូលកីឡាករប្រដាល់អង់គ្លេស Anthony Joshua បានក្លាយជាតារាកីឡាល្បីឈ្មោះបន្ថែមទៀតដែលដាក់ទុនវិនិយោគក្រុម Alpine Formula One។
ខ្សែការពារ Liverpool និងអង់គ្លេស Trent Alexander-Arnold អតីតខ្សែការពារ Manchester United និងអេស្ប៉ាញ Juan Mata រួមជាមួយនឹងតារា NFL អាមេរិក Patrick Mahomes ក៏បានចូលរួមជាមួយ Otro Capital ផងដែរក្នុងការវិនិយោគ Alpine នៃភាគហ៊ុន ២៤ ភាគរយ។
ក្រុមហ៊ុន Otro Capital បានចាប់ផ្តើមចូលហ៊ុនវិនិយោគក្រុម F1 Alpine កាលពីខែមិថុនាកន្លងមក រួមជាមួយ RedBird Capital និង តារាហូលីវូដ Ryan Reynolds និង Rob McElhenney។
ភាគហ៊ុន ២៤ ភាគរយគឺស្មើនឹង ៧០៦ លានផោន ក្នុងចំណោមភាគហ៊ុនសរុបរបស់ក្រុមប្រណាំង Alpine ដែលកាន់កាប់ដោយ Renault។
ក្រុមប្រណាំង F1 Alpine បច្ចុប្បន្នមិនទាន់ជោគជ័យនៅឡើយក្រោមការបើកបរដោយកីឡាករបារាំង ២ នាក់រួមមាន Piarre Gasly ឈរលេខ ១១ និង Esteban Ocon ឈរលេខ ១២ ក្នុងតារាងជើងឯកពិភពលោករដូវកាលនេះ៕ អត្ថបទ៖នាង សុភាវុធ
