កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានអោយដឹងថា ទឹកទន្លេសាបឆ្នាំ២០២៣នេះ មានកម្ពស់ទាបជាងឆ្នាំ២០២២ប្រវែង១ម៉ែត្រ ដែលកត្តានេះធ្វើអោយទឹកបានហូរចូលក្នុងអាងស្តុកទឹកប្រមាណពី៥០ទៅ៦០% ប៉ុណ្ណោះ ។ ដោយឡែកមន្ទីរធនធានទឹក បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយអន្តរាគមន៍ដល់ប្រជាកសិករក្នុងការធ្វើស្រែប្រាំងនៅឆ្នាំក្រោយនេះ ដោយសារទឹកក្នុងអាងមួយចំនួននៅឆ្នាំនេះ មិនអាចស្រោចស្រពដំណាំស្រូវប្រាំងប្រជាពលរដ្ឋបានគ្រប់គ្រាន់នោះឡើយ។
លោក ដោក ប៊ុនថុន បានបន្តទៀតថា ៖ ទឹកទន្លេសាបឆ្នាំ២០២៣នេះ បានឡើងដល់ជិត៩ម៉ែត្រ ដែលធ្វើអោយទំនាបទាំងអស់នៅតាមមាត់ទន្លេសាប ត្រូវបានលិច ហើយប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់មាត់ទន្លេ ឬនៅតាមទំនាបទន្លេ ត្រូវតែប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះកូនចៅរបស់ខ្លួនផងដែរ។ ទឹកឡើងជិតដល់៩ម៉ែត្រធ្វើអោយលិចតាមទីទំនាបទាំងអស់នេះ នាំអោយបងប្អូនប្រជាកសិករនៅតាមដងទន្លេ អាចប្រកបមុខរបរចិញ្ចឹមជីវិតបានងាយស្រួល និងទទួលផលល្អថែមទៀត ព្រោះទឹកទន្លេបានឡើងលិចស្រែចំការពួកគាត់ ហើយអាងស្តុកទឹកនៅតាមបណ្តោយទន្លេសាបមួយចំនួនធំក៏ទឹកបានហូរចូលពេញផងដែរ តែមន្ទីរធនធានទឹកនៅតែត្រៀមលក្ខណៈដើម្បីជួយប្រជាកសិករដដែល។ ទឹកទន្លេសាបឡើងឆ្នាំនេះដល់ជិត៩ម៉ែត្រ ដោយសារមានរបប២យ៉ាងគឺ ទឹកទន្លេមេគង្គដែលបានហូរចូលមកក្នុងបឹងទន្លេសាប និងមួយទៀតទឹកភ្លៀងដែលហូរមកពីតាមបណ្តាខេត្តមួយចំនួននៅជុំវិញបឹងទន្លេសាបផងដែរ ។ លោកបានបន្ថែមថា ទឹកឡើងធំប៉ុនណេះ ឬឡើងធំជាងនេះទៀត វាមិនជាបញ្ហាអ្វីសម្រាប់ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងនោះឡើយ ក៏ប៉ុន្តែវាបានផ្តល់ផលល្អសម្រាប់បងប្អូនធ្វើដំណាំកសិកម្មនារដូវប្រាំងទៅវិញ ហើយកន្លងមកចាប់ពីឆ្នាំ២០១៥មក គឺក្រសួងធនធានទឹក និងឧតុនិយម បានខិតខំប្រឹងប្រែងជួយផ្តល់ជាម៉ាស៊ីន ជាប្រេងដល់មន្ទីរធនធានទឹក ដើម្បីបូមទឹកដាក់បំពេញអាំងទាំងអស់ដែលទឹកចូលមិនដល់។
ទន្ទឹមនឹងការមានផលល្អសម្រាប់បងប្អូនប្រជាកសិករដែលជាអ្នកធ្វើស្រែប្រាំង ឬដំណាំរួមផ្សំនៅតាមទន្លេក៏ដោយ ក៏មានប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេ ឬតំបន់ទំនាបមួយចំនួន មិនបានរងផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេសាប ដូចកាលឆ្នាំ២០២២នោះទេ ៕ ដោយ៖ កាំង ហុងវាស្នា







