
នាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) បាននិយាយថា លោកមានឆន្ទៈចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសអាស៊ែរបៃហ្សង់ នៅចុងឆ្នាំនេះ។
លោកប៉ាស៊ីនយ៉ាន បានថ្លែងក្នុងអំឡុងសុន្ទរកថាទៅកាន់សភាអឺរ៉ុប កាលពីថ្ងៃទី១៧ ខែតុលាថា៖«យើងត្រូវតែឆ្ពោះទៅរកសន្តិភាព ជាបណ្តើរៗ» «ដើម្បីធ្វើដូច្នេះបាន ឆន្ទៈនយោបាយ គឺពិតជាចាំបាច់ ហើយខ្ញុំមានឆន្ទៈនយោបាយនោះ» ។
ក្នុងពេលជាមួយគ្នានេះ លោកបានរិះគន់ការដណ្តើមយកតំបន់ណាហ្គូណ័រ-ការ៉ាបាក់ របស់អាស៊ែបៃហ្សង់នាពេលថ្មីៗនេះ ដោយនិយាយថា វាគឺជា«ការបំពេញនូវគោលនយោបាយដ៏យូរអង្វែងរបស់ខ្លួនក្នុងការបោសសម្អាតជនជាតិភាគតិច»។
លោកប៉ាស៊ីនយ៉ាន បានរិះគន់ភាពអសកម្មរបស់សម្ព័ន្ធមិត្តដែលសន្មត់ថាជារបស់ប្រទេសអាមេនី ដោយបន្ថែមថា ពួកគេមិនត្រឹមតែបដិសេធមិនជួយប៉ុណ្ណោះទេ ថែមទាំងបាន «ធ្វើការអំពាវនាវជាសាធារណៈឲ្យផ្លាស់ប្តូរអំណាច នៅក្នុងប្រទេសអាមេនី ដើម្បីផ្តួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យ» ។
លោក បានលើកឡើងពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដោយនិយាយថា អង្គការ និងសមាជិករបស់ខ្លួន «មិនបានជួយយើងទាល់តែសោះ ពួកគេទុកយើងឲ្យនៅម្នាក់ឯង»។ អង្គការនេះ រួមមាន ប្រទេសអាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និងតាជីគីស្ថាន។