
ទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (១៧ តុលា) បានជំរុញឱ្យសហគមន៍អន្តរជាតិ បន្តការយកចិត្តទុកដាក់លើស្ថានភាពជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ា ស្របពេលមានវិបត្តិថវិកា និងកង្វះដំណោះស្រាយរយៈពេលវែង សម្រាប់ការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់ពួកគេ ទៅកាន់សហភាពមីយ៉ាន់ម៉ាវិញ។
ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា ជិតមួយលាននាក់ បានភៀសខ្លួនចេញពីការបង្រ្កាប ដែលដឹកនាំដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនកាន់ព្រះពុទ្ធសាសនា នៅក្នុងឆ្នាំ២០១៧ ហើយឥឡូវនេះពួកគេកំពុងរស់នៅក្នុងជំរំភៀសខ្លួន នៅប្រទេសបង់ក្លាដែស នៅក្នុងអ្វីដែលឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក ហ្វីលីបផូ ក្រានឌី (Filippo Grandi) បានពណ៌នាថា ជា «ជំរុំជនភៀសខ្លួនមនុស្សធម៌ដ៏ធំបំផុតនៅលើពិភពលោក»។
លោក Grandi បាននៅក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ ដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំជាមួយក្រុមមន្ត្រីជាន់ខ្ពស់ក្នុងតំបន់ ស្តីពីបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា និងស្វែងរកការសន្យា ព្រមទាំងការគាំទ្រពីរដ្ឋាភិបាល និងវិស័យឯកជន នៅមុនវេទិកាជនភៀសខ្លួនសកលនៅខែធ្នូ ខាងមុខនេះ។
ស្នងការជាន់ខ្ពស់របស់ទីភ្នាក់ងារជនភៀសខ្លួន UNHCR បាននិយាយថា បណ្ដាប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា គួរតែជម្រុញបន្ថែមទៀត ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលយោធា លើកង្វល់មនុស្សធម៌នេះ។ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា មិនបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន រ៉យទ័រ ជុំវិញបញ្ហានេះនោះទេ៕