ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានកក់កៅនៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់ ឆ្នាំក្រោយហើយ បន្ទាប់ពីយកឈ្នះក្រុមការពារតំណែងជើងឯកអ៊ីតាលីយប់មិញ។
ក្រុមរបស់លោក Gareth Southgate ត្រូវការត្រឹម ១ ពិន្ទុប៉ុណ្ណោះមុនការប្រកួតយប់មិញ ដើម្បីធានាកៅអីជុំផ្តាច់ព្រ័ត្រ តែការចេញដំណើររបស់ក្រុមម្ចាស់ផ្ទះនៅកីឡដ្ឋាន Wembley មិនបានល្អ បន្ទាប់ពីអតីតខ្សែប្រយុទ្ធ West Ham, Gianluca Scamacca បើកការនាំមុខឱ្យអ៊ីតាលីនៅនាទីទី១៥។
តែនៅក្នុងវគ្គទី ១ ដដែលខ្សែប្រយុទ្ធ Bayern Munich, Harry Kane ជាអ្នកស៊ុតបាល់ពិន័យ ១១ ម៉ែត្រតាមស្មើបានសំរេចនៅនាទីទី ៣២ មុនពេលដែល Jude Bellingham ប៉ះបញ្ជូនឱ្យ Marcus Rashford ស៊ុតឱ្យអង់គ្លេសនាំមុខវិញនៅដើមវគ្គទី ២។
មិនទាន់អស់នៅឡើយអង់គ្លេសក៏ធានាបានជ័យជំនះ បន្ទាប់ពី Harry Kane រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី ៧៧ ធ្វើឱ្យអង់គ្លេសរកបានជ័យជំនះដំបូងក្នុងទឹកដីរបស់ខ្លួនទៅលើអ៊ីតាលីគិតតាំងពីឆ្នាំ ១៩៧៧។
ជ័យជំនះនេះធ្វើឱ្យអង់គ្លេសកក់កៅអីនៅ Euro 2024 ក្នុងនាមជាក្រុមលេខ ១ ក្នុងពូល C នៃវគ្គជម្រុះមាន ១៦ ពិន្ទុ តាមពីក្រោយដោយអ៊ុយក្រែនមាន ១៣ ពិន្ទុ ខណៈអ៊ីតាលីឈរលេខ ៣ មានត្រឹម ១០ ពិន្ទុ។
គិតមកដល់ពេលនេះ ក្រុមដែលកក់កៅអីនៅ Euro 2024 រកបាន ៩ ក្រុមហើយរួមមាន អង់គ្លេស អាល្លឺម៉ង់ បារាំង ព័រទុយហ្កាល់ ប៊ែលហ្ស៊ិក អេស្ប៉ាញ ស្កុតឡេន ទួកគី និងអូទ្រីស៕ អត្ថបទ៖នាង សុភាវុធ


