
សមាជិកព្រឹទ្ធសភាអាមេរិក លោក ម៉ៃខល បេនណេត (Michael Bennet) កាលពីថ្ងៃអង្គារ (១៧ តុលា) បានព្យាយាមស្វែងរកព័ត៌មានអំពីមធ្យោបាយ ដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើនដូចជា ក្រុមហ៊ុន Meta ក្រុមហ៊ុន X ក្រុមហ៊ុន TikTok និងក្រុមហ៊ុន Google កំពុងព្យាយាមបញ្ឈប់ការផ្សព្វផ្សាយមាតិកាមិនពិត និងបំភាន់ អំពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស នៅលើវេទិការបស់ពួកគេ។
រូបភាពពីជម្លោះចាស់ៗ វីដេអូហ្គេម និងឯកសារដែលបានកែប្រែ គឺស្ថិតក្នុងចំណោមមាតិកាបំភាន់ ដែលបានវាយលុកពាសពេញវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារជនស៊ីវិលអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា មក។
ការអត្ថាធិប្បាយរបស់សមាជិកព្រឹទ្ធសភារូបនេះ ធ្វើឡើងបន្ទាប់ពីប្រធានឧស្សាហកម្មបច្ចេកវិទ្យាសហភាពអឺរ៉ុប លោក Thierry Breton បានរិះគន់បណ្ដាក្រុមហ៊ុនទាំងនោះ ដោយទាមទារឱ្យពួកគេចាត់វិធានការតឹងរ៉ឹងជាងមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ស្របពេលមានជម្លោះកាន់តែខ្លាំងឡើង។
នៅក្នុងសារបង្ហោះរបស់ខ្លួន លោក បេនណេត បានដាក់សំណួរជាបន្តបន្ទាប់ទៅកាន់ក្រុមហ៊ុនទាំងនោះ ដែលទាមទារព័ត៌មានលម្អិតអំពីការអនុវត្តការសម្របសម្រួលមាតិការបស់ពួកគេ ហើយត្រូវការចម្លើយត្រឹមថ្ងៃទី៣១ ខែតុលា ខាងមុខនេះ។
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ បានគូសបញ្ជាក់ពីវិធានការមួយមួយចំនួន ដែលពួកគេបានធ្វើក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមាតិកាមិនពិតជុំវិញជម្លោះនេះ ប៉ុន្តែលោក បេនណេត បាននិយាយថា សកម្មភាពទាំងនោះមិនទាន់គ្រប់គ្រាន់នោះទេ។
លោក បេនណេត ក៏បានថ្កោលទោសក្រុមហ៊ុនទាំងបួននោះ សម្រាប់ការបញ្ឈប់បុគ្គលិកពីក្រុមការងារសុវត្ថិភាព និងទំនុកចិត្តរបស់ពួកគេ កាលពីឆ្នាំមុន ដែលទទួលបន្ទុកត្រួតពិនិត្យមាតិកាមិនពិត និងបំភាន់បែបនេះផងដែរ៕