
រដ្ឋមន្ត្រីម្នាក់នៃគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានរារាំងមិនឱ្យចូលមន្ទីរពេទ្យ ហើយអង្គរក្សម្នាក់ត្រូវបានគេជះកាហ្វេដាក់ ខណៈមន្រ្តីអ៊ីស្រាអែលម្នាក់ទៀត ត្រូវបានពលរដ្ឋស្រែកហៅថា «ជនក្បត់» និង «មនុស្សល្ងង់» ខណៈដែលអ្នកទាំងនោះចុះទៅសួរសុខទុក្ខក្រុមគ្រួសារ ដែលត្រូវបានជម្លៀសក្នុងអំឡុងពេលវាយប្រហារ។
សកម្មភាពទាំងនោះ បានបង្ហាញពីកំហឹងរបស់ប្រជាជនអ៊ីស្រាអែល ចំពោះលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និងក្រុមមន្រ្តីរបស់លោក ខណៈថ្ងៃវិនិច្ឆ័យទោសសម្រាប់រឿងក្ដីឧក្រិដ្ឋកម្ម របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ ខិតជិតមកដល់។
ការសម្លាប់រង្គាលដ៏រន្ធត់ កាលពីថ្ងៃទី៧ ខែតុលា ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស បានធ្វើឲ្យជនជាតិអ៊ីស្រាអែល មានការរួបរួមគ្នា ប៉ុន្តែមានការពេញចិត្តតិចតួចណាស់ចំពោះរដ្ឋាភិបាលមួយ ដែលត្រូវបានគេចោទប្រកាន់យ៉ាងទូលំទូលាយថា បានព្រងើយកន្តើយចំពោះអភិបាលកិច្ចប្រទេស ហើយបានរុញរដ្ឋជ្វីហ្វមួយនេះចូលទៅក្នុងភ្លើងសង្រ្គាមនៅតំបន់ហ្គាហ្សា ដែលកំពុងជះឥទ្ធិពលទូទាំងតំបន់។
ទោះជាយ៉ាងណាក្តី ថ្ងៃជំនុំជម្រះក្ដី នឹងកើតមានឡើងសម្រាប់លោកនាយករដ្ឋមន្ត្រី Netanyahu បន្ទាប់ពីការវិលត្រឡប់មកក្នុងកិច្ចការនយោបាយវិញ អស់រយៈពេលជាយូរមក។ ការខឹងសម្បារជាសាធារណៈលើអ្នកស្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១.៣០០នាក់ ត្រូវបានបញ្ឆេះបន្ថែមទៀតដោយនយោបាយស្វ័យគ្រប់គ្រងរបស់លោក Netanyahu ដែលជាអ្នកយុទ្ធសាស្រ្តសាសនានិយម ដោយមើលឃើញពីការគំរាមកំហែងសន្តិសុខជាតិកាន់តែខ្លាំងឡើង។
មូលហេតុមួយទៀតពីក្រោយការខឹងសម្បារបស់ប្រជាជនមួយទៀត គឺការខ្វែងគំនិតក្នុងសង្គមនៅឆ្នាំនេះ ជុំវិញការជំរុញឲ្យមានការកែប្រែប្រព័ន្ធតុលាការរបស់សម្ព័ន្ធជាតិ-សាសនានិយម របស់លោក។ ការស្ទង់មតិមួយនៅក្នុងសារព័ត៌មាន Maariv បានរកឃើញថា ប្រជាជនអ៊ីស្រាអែលចំនួន ២១% ចង់ឱ្យលោក Netanyahu បន្តធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីសង្គ្រាមរួច ប៉ុន្តែមានមនុស្ស ៦៦% ចង់ឲ្យអ្នកផ្សេងកាន់តំណែងជំនួស និងពលរដ្ឋ ១៣% ទៀតមិនទាន់សម្រេចចិត្តច្បាស់លាស់៕