
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានរឹតបន្តឹងការនាំចេញលើឧបករណ៍អេឡិកត្រូនិកទៅកាន់ប្រទេសចិន ដែលជាផ្នែកនៃវិធានការសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មអាមេរិក ដែលបានធ្វើការប្រកាស កាលពីថ្ងៃអង្គារ (ទី១៧ ខែតុលា)។
កាលពីខែតុលាឆ្នាំមុន សហរដ្ឋអាមេរិកបានដាក់ចេញនូវច្បាប់ថ្មី ដែលកំណត់ការចូលប្រើប្រាស់របស់ប្រទេសចិន ចំពោះបន្ទះឈីបកម្រិតខ្ពស់ សម្រាប់បញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍ផលិតរបស់ពួកគេ។ បន្ទះឈីបទាំងនេះអាចយកទៅប្រើក្នុងការអភិវឌ្ឍអាវុធមហាប្រល័យ និងប្រព័ន្ធយោធាចុងក្រោយបង្អស់។
សហរដ្ឋអាមេរិកបាននិងកំពុងទប់ស្កាត់ការវិនិយោគ ក្នុងការអភិវឌ្ឍ ដែលទាក់ទងនឹងបន្ទះឈីបកម្រិតខ្ពស់របស់ប្រទេសចិន និងរឹតបន្តឹងការគ្រប់គ្រងដោយគិតគូរពីសន្តិសុខសេដ្ឋកិច្ច។
ប៉ុន្តែយ៉ាងណាក្ដីស្របជាមួយនឹងការរឹតបន្តឹងនេះ រដ្ឋបាល លោក Biden ក៏កំពុងព្យាយាមរក្សាស្ថិរភាពទំនាក់ទំនងទ្វេភាគីផងដែរ ដោយសមាជិកគណៈរដ្ឋមន្ត្រីអាមេរិក បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ តាំងពីរដូវក្តៅនេះ ដើម្បីពន្លឿនដល់កិច្ចសន្ទនា។ ចំណែកប្រទេសចិន បានរិះគន់ការគ្រប់គ្រងដ៏តឹងរ៉ឹងនេះ ដោយហៅការធ្វើបែបនោះថា ជាការបិទផ្លូវដ៏រឹងត្អឹង ដែលដាក់សម្ពាធមកលើអាជីវកម្មរបស់ចិន៕