
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅថ្ងៃពុធ (ទី១៨ ខែតុលា) នេះ បានលើកឡើងថា ប្រទេសរបស់លោក បានជំទាស់នឹងការប្រើប្រាស់រូបភាព «បង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច» និងការធ្វើឲ្យបែកបាក់គ្នា ខណៈដែលលោកបានថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំរបស់គណៈប្រតិភូអន្តរជាតិ សម្រាប់វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ នៅទីក្រុងប៉េកាំង។
លោក ស៊ី បានប្រាប់ក្រុមប្រតិភូថា៖ «យើងប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគី ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ការធ្វើឲ្យបែកខ្ញែក និងការធ្វើដាច់ទំនាក់ទំនងគ្នា»។ លោកបានបន្ថែមថា ទីក្រុងប៉េកាំងនឹងមិនចូលរួមក្នុង «ការប្រឈមមុខដាក់គ្នាខាងមនោគមវិជ្ជា ល្បែងភូមិសាស្ត្រនយោបាយ ឬការប្រឈមមុខជាមួយប្លុក» នោះទេ។
មេដឹកនាំកំពូលរបស់ចិនរូបនេះ បានសង្កត់ធ្ងន់ថា៖ «ការមើលឃើញពីការអភិវឌ្ឍរបស់អ្នកដទៃថា ជាការគំរាមកំហែង និងការពឹងពាក់គ្នាទៅវិញទៅមកខាងសេដ្ឋកិច្ចថា ជាហានិភ័យ នឹងមិនធ្វើឲ្យជីវិតខ្លួនឯងកាន់តែប្រសើរឡើង ឬធ្វើឲ្យការអភិវឌ្ឍខ្លួនឯងបានលឿននោះឡើយ»។
ផ្ទុយទៅវិញ លោក ស៊ី បាននិយាយថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ឬផ្លូវមួយខ្សែក្រវាត់មួយ (BRI) នឹងស្វែងរកនូវ «ការបញ្ចូលកម្លាំងជំរុញថ្មីទៅក្នុងសេដ្ឋកិច្ចពិភពលោក»។
សូមបញ្ជាក់ថា ទីក្រុងប៉េកាំង នាសប្តាហ៍នេះ ធ្វើជាម្ចាស់ផ្ទះទទួលតំណាងពីប្រទេសចំនួន ១៣០ សម្រាប់វេទិកាស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលជាគម្រោងពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធរបស់លោកស៊ី៕