បាល់ទាត់៖ អតីតខ្សែប្រយុទ្ធ Liverpool, Christian Benteke បានបន្តកិច្ចសន្យា ២ឆ្នាំជាមួយក្លិបបាល់ទាត់ដែលមិនទាន់អ្នកចាត់ការ Crystal Palace ដែលនឹងរក្សារូបគេរហូតដល់ដំណាច់រដូវកាល ២០២២-២០២៣។

Christian Benteke បច្ចុប្បន្នវ័យ ៣០ឆ្នាំបានផ្ទេរពី Liverpool មកកាន់ Crystal Palace កាលពីឆ្នាំ២០១៦ ក្នុងតំលៃ ២៦លានផោនស៊ុតបញ្ចូលទីបានសរុប ៣៣គ្រាប់។ បន្ទាប់ពីរដូវកាលដំបូងជាមួយ Crystal Palace រកបាន ១៥គ្រាប់នោះ រដូវបន្ទាប់មកគេរកបានតែ ៧គ្រាប់ប៉ុណ្ណោះ ខណៈរដូវកាលដែលទើបបញ្ចប់នេះរកបាន ១០គ្រាប់។ Christian Benteke ក៏ជាសមាជិកនៃក្រុមជំរើសជាតិប៊ែលហ្ស៊ិកផងដែរ ក្នុងការប្រកួត Euro ២០២០ ខាងមុខនេះ។ ចំណែក Crystal Palace ដែលបច្ចុប្បន្នមានកីឡាករ ១៥នាក់ផ្សេងទៀតនឹងផុតកុងត្រាចុងខែនេះនោះ មិនទាន់រកបានអ្នកចាត់ការថ្មីនៅឡើយទេ តាំងពីការចាកចេញរបស់លោក Roy Hodgson៕
អត្ថបទ៖នាង សុភាវុធ