
សារព័ត៌មាន BBC បានឃើញភ័ស្តុតាងថ្មីនៃអំពើហិង្សាដ៏ឃោរឃៅលើជនជាតិភាគតិច ដែលបានរាលដាល នៅប្រទេសស៊ូដង់ភាគខាងលិច ចាប់តាំងពីការប្រយុទ្ធគ្នា បានផ្ទុះឡើងរវាងក្រុមយោធាដែលជាគូប្រជែងពីរក្នុងខែមេសា។ ការវិភាគទិន្នន័យផ្កាយរណប និងប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញឲ្យឃើញយ៉ាងហោចណាស់ភូមិចំនួន៦៨ ក្នុងតំបន់ដាហ្វឺរ (Darfur) ត្រូវបានដុតបំផ្លាញដោយកងជីវពលប្រដាប់អាវុធ ចាប់តាំងពីសង្គ្រាមស៊ីវិល បានចាប់ផ្តើម។
រដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំនៅទ្វីបអាហ្វ្រិក លោក Andrew Mitchell បានប្រាប់សារព័ត៌មានBBCថា៖ «ភ័ស្តុតាងនេះ មានចំណុចសំខាន់ទាំងអស់នៃការបោសសម្អាតជនជាតិភាគតិច»។ នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលអង់គ្លេសប្រើពាក្យនេះ ដើម្បីពណ៌នាអំពីអ្វី ដែលកំពុងកើតឡើង ក្នុងប្រទេស ស៊ូដង់។
លោកឧត្តមសេនីយ៍ Abdel Fattah al-Burhan ដែលដឹកនាំភាគីម្ខាងក្នុងជម្លោះ គឺកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានប្រាប់សារព័ត៌មាន BBCថា លោកនឹងសហការជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីនាំអ្នកមានទោសទាំងអស់ មកកាត់ទោស។
ភាគច្រើននៃអំពើហិង្សាជនជាតិភាគតិច ត្រូវបានស្តីបន្ទោសទៅលើកងជីវពលដែលជាផ្នែកមួយនៃ ឬជាប់ទាក់ទងនឹងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលជាក្រុមយោធាប៉ារ៉ាដែលបានប្រយុទ្ធជាមួយSAF ដើម្បីគ្រប់គ្រងប្រទេសនេះ។