
ប្រធានគណកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានសភាសហភាពអឺរ៉ុបលោក Roberta Metsola នៅថ្ងៃពុធនេះ បានថ្កោលទោសការវាយប្រហារដែលបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់នៅក្នុងមន្ទីរពេទ្យតំបន់ហ្គាហ្សា ។
មេដឹកនាំទាំង ២ បានបង្ហាញនូវការសោកស្តាយជាពន់ពេកចំពោះការបាត់បង់អាយុជីវិតជនស៊ីវិល ហើយពួកគេនិយាយថា អ្នកឈរនៅពីក្រោយ ត្រូវតែទទួលខុសត្រូវ ។
លោកស្រី Von der Leyen និយាយថា កាលពីយប់មិញ សោកនាដកម្មគ្មានន័យ បានធ្វើឲ្យពួកយើងទាំងអស់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ មន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សា ជាទីជម្រករបស់អ្នករងរបួសរាប់រយនាក់ បានប្រែក្លាយទៅជានរកភ្លើង ។
លោកស្រីបន្តថា ឈុតឆាកពីមន្ទីរពេទ្យ Al-Ahli ពិតជាគួរឲ្យតក់ស្លត់ និងក្រៀមក្រំជាទីបំផុត ។ គ្មានពាក្យដោះសារនោះទេសម្រាប់ការវាយប្រហារលើមន្ទីរពេទ្យដែលពេញដោយជនស៊ីវិល ។ រាល់ការពិតទាំងអស់ ត្រូវតែលាតត្រដាង ហើយអ្នកនៅពីក្រោយ ត្រូវតែទទួលខុសត្រូវ ។
ក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានដាក់ការស្តីបន្ទោសលើអ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែល និយាយថា វាជាលទ្ធផលនៃការវាយប្រហារដោយគ្រាប់រ៉ុក្កែតពុំបានសម្រេចដោយក្រុមអ៊ីស្លាមជីហាដប៉ាឡេស្ទីន ដែលជាក្រុមជីវពលមួយទៀតនៅក្នុងតំបន់បិទច្រកមួយនេះ ។
ស្របពេលដែលសហភាពអឺរ៉ុប និងរដ្ឋាភិបាលជាសមាជិកផ្សេងទៀតរបស់ពួកគេ បាននាំគ្នាថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ចេញពីតំបន់ហ្គាហ្សា ដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១.៣០០នាក់នោះ លោកស្រី Von der Leyen និងលោក Metsola បានបង្វែរទៅលើសេចក្តីថ្លែងការណ៍នយោបាយផ្សេងទៀត និងការពាក់ព័ន្ធនឹងរឿងនយោបាយ ៕