ភ្នំពេញ ៖គិតត្រឹមល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកជំនន់នៅតាមសណ្តស្ទឹងព្រែកត្នោត បានបន្តហក់ឡើងកាន់តែខ្លាំងជន់លិចចូលតាមបណ្ដាខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងភូមិមួយចំនួន ឋិតនៅក្បែស្ទឹងព្រែកត្នោត ជាពិសេសក្នុងសង្កាត់ស្ពានថ្ម និងសង្កាត់គងនយ ក្នុងមូលដ្ឋានខណ្ឌដង្កោ។
ប្រជាពលរដ្ឋដែលមានផ្ទះរងការជន់លិច នៅក្នុងសង្កាត់ស្ពានថ្ម បានប្រាប់ឱ្យដឹងថា ស្ថានភាពទឹកជំនន់បានហក់ឡើងខ្លាំង នាល្ងាចនេះ ពោលត្រឹមតែរយៈពេលមិនដល់កន្លះម៉ោងផងនោះ ទឹកបានហៀរចេញពីស្ទឹងព្រែកត្នោត លិចចូលដល់តាមភូមិ និងខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្ដង។
ទន្ទឹមស្ថានភាពនេះដែរ ប្រជាពលរដ្ឋបាននាំគ្នាប្រមូលសម្ភារៈ និងទ្រព្យសម្បត្តិសំខាន់ៗក្នុងផ្ទះយកទៅដាក់នៅតាមទីតាំងសមគួរ ឬទីទួលមានសុវត្ថិភាពជាដើម ដើម្បីការពារទុកមុន ក្រែងស្ថានភាពទឹកស្ទឹងនៅតែបន្តហក់ឡើង អាចជន់លិចកាន់តែខ្លាំង ពីព្រោះស្ថានភាពទឹកនៅតែបន្តហូរចូលទៅតាមខ្នងផ្ទះប្រជាពលរដ្ឋជាច្រើនទៀតនាពេលនេះ។
សូមបញ្ជាក់ថា នៅតាមសងខាងសណ្តស្ទឹងព្រែកត្នោត មានសង្កាត់មួយចំនួនដែលប្រឈមនឹងការជន់លិចខ្លាំង គឺសង្កាត់គងណយ សង្កាត់ស្ពានថ្ម សង្កាត់រលួស និងសង្កាត់សាក់សំពៅជាដើម ខណៈសង្កាត់ទាំងនេះមានពលរដ្ឋជាច្រើនរយគ្រួសារកំពុងរស់នៅ។
គួររំលឹកដែរថា កាលពីរសៀលថ្ងៃខែដដែល ទឹកសណ្តរស្ទឹងនៅមិនទាន់មានការហូរហៀរខ្លាំងចូលតាមផ្ទះពលរដ្ឋនៅឡើយនោះទេ ទើបតែនៅវេលាល្ងាចនេះ ក្រោយមានភ្លៀងធ្លាក់មួយអន្លើរនោះ ក៏បង្កឱ្យមានការហូរចូលតែម្តងជាបន្តបន្ទាប់តែម្តងទៅ ៕
អត្ថបទ៖ លីហេង








