
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ត្រូវបានគេរំពឹងថា នឹងស្នើសុំសភាយ៉ាងហោចណាស់ ១០០ពាន់លានដុល្លារ ក្នុងការផ្តល់មូលនិធិបន្ថែម ដើម្បីដោះស្រាយបញ្ហារបស់ប្រទេសអ៊ីស្រាអែល អ៊ុយក្រែន និងបញ្ហានានាក្នុងប្រទេស ដូចជាការផ្តល់មូលនិធិតាមព្រំដែន និងជំនួយគ្រោះមហន្តរាយ។ នេះបើយោងតាមបុគ្គលមួយចំនួន ដែលមិនត្រូវបានបញ្ចេញឈ្មោះ ចូលរួមកិច្ចពិភាក្សាសម្ងាត់នេះ។
បើយោងតាមអ្នកពាក់ព័ន្ធនឹងកិច្ចពិភាក្សានេះ បានឲ្យដឹងថា កម្រិតនៃមូលនិធិ ដែលនឹងគ្របដណ្តប់ពេញមួយឆ្នាំ មិនទាន់ត្រូវបានសម្រេចចុងក្រោយនៅឡើយទេ ពោលគឺអាចមានការកែប្រែ។ សំណើនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជូនទៅកាន់សភា Hill នៅថ្ងៃសុក្រ បន្ទាប់ពីលោកប្រធានាធិបតី Biden ត្រឡប់ពីដំណើរទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលវិញ។
មានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងសភា ដើម្បីអនុម័តយ៉ាងឆាប់រហ័ស ក្នុងផ្ដល់ជំនួយដល់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីដើមខែនេះ ពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាលោក Chuck Schumer បាននិយាយកាលពីថ្ងៃអង្គារ (ទី១៧ ខែតុលា) ថា លោកចង់ឲ្យព្រឹទ្ធសភាចាត់វិធានការឲ្យបានឆាប់រហ័ស។ ប៉ុន្តែសភាកំពុងជាប់គាំង ដោយសារគណបក្សសាធារណរដ្ឋមិនអាចជ្រើសរើសប្រធានបាន៕