សៀមរាប ៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៅក្នុងខេត្តសៀមរាប បានរៀបចំដាក់តាំងពិព័រណ៍វាយនភណ្ឌប្រពៃណីអាស៊ីរួចរាល់ហើយ ដើម្បីត្រៀមទទួលទេសចរជាថ្មីទៀត ក្រោយបញ្ចប់វិបត្ដិជំងឺកូវីដ-១៩ នាពេលឆាប់ៗខាងមុខនេះ។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលជាកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា គឺមានប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម មានទីតាំងស្ថិតនៅផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ឬ ផ្លូវ៦០ម៉ែត្រសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។
លោកស្រី មឿន សូលីដា នាយិកាស្តីទី នៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថា បច្ចុប្បន្ននេះ សារមន្ទីរ បានធ្វើការតាំងបង្ហាញនូវសមុច្ច័យសំខាន់ៗជាច្រើន មកពីប្រទេសជាសមាជិកចំនួន៦ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ ឥណ្ឌា និងមីយ៉ាន់ម៉ា នៅក្នុងសាលពិព័រណ៍ទាំង៤ របស់សារមន្ទីរ ដែលមានមានដូចជា សាលព័ត៌មានពិព័រណ៍ សាលពិព័រណ៍វត្ថុធាតុដើម សាលពិព័រណ៍វាយនភណ្ឌបុរាណ និងសាលពិព័រណ៍វាយនភណ្ឌសហសម័យ។
លោកស្រី បានបន្ថែមថា ក្រុមការងារមានគម្រោងបង្កើតដៃគូអភិវឌ្ឍន៍លើវិស័យឯកជន ដែលកំពុងធ្វើការលើតម្បាញសូត្រ ដើម្បីយកស្នារដៃសូត្រខ្មែរ ទៅដាក់តាំងនៅក្នុងសារមន្ទីរនោះបន្ថែមទៀត។បង្កើនកម្លាំងមនុស្សធ្វើតម្បាញវត្ថុធាតុដើម និងបង្កើតកន្លែងដើមរុក្ខជាតិជ្រលក់សូត្រផងដែរ ក្នុងគោលបំណងដើម្បីថែរក្សាប្រពៃណី នៃការផលិតវាយនភណ្ឌប្រពៃណីអាស៊ី និងដើម្បីត្រៀមលក្ខណៈក្នុងការទទួលអ្នកទេសចរជាតិ និងអន្ដរជាតិឱ្យចូលទស្សនា ក្រោយបញ្ចប់ជំងឺកូវីដ-១៩នាពេលខាងមុខនេះ។ ជាពិសេសធ្វើយ៉ាងណាឱ្យមានការចាប់ពីអារម្មណ៍ពីអ្នកទេសចរ។
លោកស្រី មឿន សូលីដា បានបញ្ជាក់ទៀតថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មិនទាន់បានបើកឱ្យភ្ញៀវចូលទស្សនានោះទេ ប៉ុន្ដែបានត្រៀមជាស្រេច សម្រាប់ទទួលភ្ញៀវចូលទស្សនា។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានកសាងឡើងនៅឆ្នាំ២០១០ ដល់ឆ្នាំ២០១១ និងបើកឱ្យដំណើរការក្នុងខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា ដោយមានប្រទេសចំនួន៦ចូលរួម ដូចជា ៖ ប្រទេសកម្ពុជា, ឥណ្ឌា, ឡាវ, មីយ៉ាន់ម៉ា, ថៃ និងប្រទេសវៀតណាម។ គោលបំណង នៃការកសាងសារមន្ទីរនេះ គឺដើម្បីថែរក្សាប្រពៃណី នៃការផលិតវាយនភណ្ឌ ក៏ដូចជាបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្ម របស់ប្រទេសជាសមាជិកជុំវិញដងទន្លេមេគង្គ ដែលមានរយៈពេលជាច្រើនសត វត្សរ៍មកហើយ។ សារមន្ទីរនេះ បើកឱ្យភ្ញៀវចូលទស្សនា ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ៕
អត្ថបទ ៖ ឈិត សាវី