
អាជ្ញាធរសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី១៧ ខែតុលា) បាននិយាយថា សាកសពមនុស្សជិត ២០០នាក់ ត្រូវបានគេយកចេញ កាលពីសប្តាហ៍មុន ពីអគារនៅរដ្ឋ Colorado ដែលជាកម្មសិទ្ធិរបស់កន្លែងផ្ដល់សេវាបញ្ចុះសព ដែលបានផ្សព្វផ្សាយពីការ «ការបញ្ចុះសពពណ៌បៃតង» ដោយនេះជាចំនួនសាកសពដ៏ច្រើនលើសពីការរំពឹងទុករបស់អ្នកស៊ើបអង្កេត ដែលបានរកឃើញ។
ដោយមានការជូនដំណឹងថា មានក្លិនស្អុយចេញពីអគារ ក្នុងខែនេះ មន្ត្រីនៅការិយាល័យ Penrose បានរកឃើញសាកសពជាច្រើន ដែលត្រូវបានរក្សាទុកមិនត្រឹមត្រូវ។ នាពេលនោះ គេនៅមិនទាន់អាចបញ្ជាក់ពីចំនួនបានទេ។
ការិយាល័យស៊ើបអង្កេតរដ្ឋ Colorado ឬ CBI បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ សាកសពយ៉ាងហោចណាស់ ១៨៩នាក់ ត្រូវបានគេយកចេញពីកន្លែងផ្ដល់សេវាបញ្ចុះសពឈ្មោះ Return to Nature Funeral Home។ CBI បាននិយាយថា សាកសពត្រូវបាននាំយកទៅការិយាល័យតំបន់ El Paso។
CBI បានបន្ថែមថា បុគ្គលិករបស់ក្រុមមន្ត្រីពិនិត្យសាកសពរបស់តំបន់ Fremont County នឹងធ្វើការដើម្បីបញ្ជាក់ពីអត្តសញ្ញាណ និងជូនដំណឹងដល់ក្រុមគ្រួសាររបស់សព ហើយការរិយាល័យស៊ើបអង្កេតនេះបានប្រាប់ថា មិនមានការកំណត់ពេលវេលា ដើម្បីបញ្ចប់ជំហានទាំងនោះទេ៕