
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃពុធ (ទី១៨ ខែតុលា) បានសង្កត់ធ្ងន់ពីភាពចុះសម្រុងគ្នាយ៉ាងស៊ីជម្រៅរបស់ប្រទេសលោកជាមួយប្រទេសចិន ខណៈដែលលោកបានបង្ហាញវត្តមាន នៅលើឆាកអន្តរជាតិ ក្នុងនាមជាភ្ញៀវកិត្តិយស នៅឯពិធីជួបជុំសកល ក្នុងទីក្រុងប៉េកាំង ជាកន្លែង ដែលមេដឹកនាំចិនលោក ស៊ី ជីនពីង (Xi Jinping) បានបង្ហាញនូវចក្ខុវិស័យរបស់លោក ដើម្បីឲ្យមានការកែប្រែសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។
ក្នុងសុន្ទរកថាដែលមិនត្រូវបានរំពឹងទុកមុន នៅឯពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវ លោកពូទីនបានកោតសរសើរចំពោះគំនិតផ្តួចផ្តើមគោលនយោបាយការបរទេសដ៏លេចធ្លោរបស់លោក ស៊ី ថា ជា «គោលបំណងបង្កើតពិភពលោក ដែលមានភាពយុត្តិធម៌ និងពហុប៉ូល»។ លោកបន្ថែមថា ប្រទេសរុស្ស៊ី និងចិន ចែករំលែក «សេចក្តីប្រាថ្នា ដើម្បីឲ្យមានកិច្ចសហប្រតិបត្តិការស្មើភាព និងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក» ដែលរួមមាន «ការគោរពភាពចម្រុះនៃអរិយធម៌ និងសិទ្ធិរបស់រដ្ឋនីមួយៗ សម្រាប់គំរូនៃការអភិវឌ្ឍន៍របស់ប្រទេសទាំងនោះរៀងៗខ្លួន»។
ខណៈដែលមេដឹកនាំ និងអ្នកតំណាងមកពីបណ្តាប្រទេស ដែលភាគច្រើនជាប្រជាជាតិកំពុងអភិវឌ្ឍន៍សកលខាងត្បូង (Global South) បានជួបជុំគ្នា នៅក្នុងរដ្ឋធានីរបស់ប្រទេសចិន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ឯណោះវិញ បានទៅដល់ប្រទេសអ៊ីស្រាអែល នៅថ្ងៃពុធនេះ ដែលជាការបង្ហាញការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ដែលបានប្តេជ្ញាកំចាត់ក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមមួយនេះ បានវាយប្រហារយ៉ាងឃោរឃៅលើអ៊ីស្រាអែល កាលពីដើមខែនេះ។
ទាំងប្រទេសចិន និងរុស្ស៊ី បានអំពាវនាវឲ្យមានបទឈប់បាញ់ នៅក្នុងជម្លោះ ដែលកំពុងរាលដាលកាន់តែខ្លាំង ហើយបានបដិសេធមិនថ្កោលទោសចំៗ ចំពោះក្រុមហាម៉ាស់ ដោយខុសគ្នាផ្ទុយស្រឡះទៅនឹងការបញ្ចេញការគាំទ្រដល់អ៊ីស្រាអែលពីសហរដ្ឋអាមេរិក និងមេដឹកនាំ នៅទូទាំងទ្វីបអឺរ៉ុប៕