
នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese បាននិយាយថា ការការពារពលរដ្ឋអ៊ីស្រាអែល និងជនប៉ាឡេស្ទីន គឺសំខាន់ខ្លាំងណាស់ ក្រោយការវាយប្រហារលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាស្រ្ទីប បានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឲ្យភាពតានតឹងកាន់តែឡើងកម្តៅខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ។
នៅមុនការផ្ទុះគ្រាប់ក្នុងមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារ ក្រុមអាជ្ញាធរសុខភាពនៅតំបន់បិទច្រកមួយនេះ និយាយថា មនុស្សយ៉ាងហោច ៣ពាន់នាក់ បានស្លាប់ អំឡុងការទម្លាក់គ្រាប់បែករយៈពេល ១១ថ្ងៃរបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមឡើងក្រោយការវាយឆ្មក់របស់ក្រុមជីវពលហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា នៅតំបន់សហគមន៍ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់ជនស៊ីវិលជាង ១.៣០០នាក់ និងមនុស្សប្រហែល ២០០នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរនៅតំបន់ហ្គាហ្សា ។
នៅថ្ងៃពុធនេះដែរ លោក Albanese បានជួបពិភាក្សាការងារជាមួយសមភាគីហ្វីជី គឺលោកនាយករដ្ឋមន្រ្តី Sitiveni Rabuka ដែលស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃជាលើកដំបូងរបស់លោកមកកាន់អូស្រ្តាលី ចាប់តាំងពីបានក្លាយជាមេដឹកនាំប្រទេសមួយនេះ កាលពីខែធ្នូ ឆ្នាំកន្លងទៅ។
លោក Albanese និយាយថា ការការពារអាយុជីវិតជនស៊ីវិល ត្រូវតែជារឿងសំខាន់ជាងគេបំផុត ដូចដែលសភាអូស្រ្តាលីបានលើកឡើងនៅក្នុងសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃចន្ទ ហើយការគោរពច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ជារឿងសំខាន់ណាស់ដែរ។
លោកបន្តថា ពួកយើងសូមធ្វើការថ្កោលទោសការវាយប្រហាររើសអើងជាតិសាសន៍ ហើយនិងការមានគោលដៅមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងមន្ទីរពេទ្យ ហើយអូស្រ្តាលី និងចូលរួមជាមួយប្រទេសផ្សេងទៀត អំពាវនាវឲ្យមានការគោរពតាមច្បាប់អន្តរជាតិ ៕