បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារកាកបាទក្រហមក្រុងសិរីសោភ័ណ និងស្រុកមង្គលបុរី បាននាំយកអំណោយមនុស្សធម៌ទៅសួរសុខទុក្ខគ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន២៤២គ្រួសារ។
នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗទៀត។
ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនដែលរងគ្រោះសូមបង្កើនការប្រុងប្រយ័ត្ន ចំពោះក្មេងតូចៗកុំចុះលេងទឹក ដែលនាំអោយបាត់បង់ជីវិត ព្រោះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះករណីក្មេងលង់ទឹកស្លាប់នៅស្រុកអូរជ្រៅ និងស្រុកមង្គលបុរីមានជាបន្តបន្ទាប់។
ឯកឧត្តម បានសំណូមពរដល់បងប្អូនប្រុងប្រយ័ត្នដល់សត្វអសិរពិស ទាំងអស់គ្នា និងពេលរដូវទឹកសម្រកត្រូវចេះសម្អាតបរិស្ថានជុំវិញផ្ទះ ដើម្បីសុខភាពបងប្អូនគ្រប់ៗគ្នា។
សូមជម្រាបថា ប្រជាពលរដ្ឋទទួលអំណោយចំនួន ២៤២គ្រួសារនោះ មកពីឃុំបត់ត្រង់ ស្រុកមង្គលបុរី ចំនួន១០១គ្រួសារ និងក្រុងសិរីសោភ័ណ ក្នុងសង្កាត់អូរអំបិល ចំនួន៥០គ្រួសារ និងសង្កាត់ព្រះពន្លា ចំនួន៩១គ្រួសារ ដោយក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ១៥គីឡូក្រាម, មីជាតិ១កេស, ត្រីខ១យួរ និងទឹកត្រី១យួរ៕ ដោយ ÷ ឧត្តម









