
បុរសម្នាក់ ដែលត្រូវនគរបាលក្រុងហុងកុងបាញ់ អំឡុងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ២០១៩ ត្រូវបានតុលាការប្រចាំតំបន់កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៤៧ខែ នៅថ្ងៃពុធ (ទី១៨ ខែតុលា)នេះ ជុំវិញបទចោទជាច្រើន ក្នុងនោះរួមមានទាំងការបង្កកុបកម្ម និងធ្វើឲ្យប៉ះពាល់ដល់គោលការណ៍យុត្តិធម៌។
លោក Tsang Chi-kin ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៤០ខែពីបទបង្កកុបកម្ម និង ៧ខែ ពីបទចោទប្រកាន់វាយដំលើនគរបាល់ម្នាក់ដោយដំបងពណ៌ស កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ជាថ្ងៃដែលមនុស្សរាប់សែននាក់ បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវ ពោលគឺជាផ្នែកមួយនៃការតវ៉ាក្នុងរយៈពេលដ៏វែង ដែលប្រឆាំងនឹងប្រទេសចិន និងគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយបង្កឲ្យមានវិបត្តិ សម្រាប់មេដឹកនាំកុម្មុយនីស្តរបស់ទីក្រុងប៉េកាំង។
ជាមួយគ្នានេះ លោក Tsang ក៏ត្រូវបានកាត់ទោសផងដែរឲ្យជាប់ពន្ធនាគាររយៈពេល ១១ខែ និង ២សប្តាហ៍ពីបទបង្ខូចគោលការណ៍យុត្តិធម៌ រួមជាមួយមនុស្ស ៣នាក់ផ្សេងទៀត។
ចៅក្រមរងប្រចាំតំបន់ លោកស្រី Ada Yim បានបន្ថយការជាប់ទោសរបស់លោក Tsang ច្រើនជាង ១ភាគ៣ បន្ទាប់ពីអ្នកទោសរូបនេះ បង្ហាញនូវការមានវិប្បដិសារី និងបានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការស៊ើបអង្កេតរបស់នគរបាល៕