
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃពុធ (ទី១៨ ខែតុលា) បានបង្ហាញកំហឹងចំពោះការវាយប្រហារមួយ នៅខាងក្រៅវិហារជ្វីហ្វ ក្នុងទីក្រុងប៊ែរឡាំង ដែលនគរបាលនិយាយថា គ្រាប់បែកភ្លើងចំនួន២ ត្រូវបានគប់ចូលអគារ។
លោក Scholz បាននិយាយអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៊ីបថា៖ «ខ្ញុំចង់និយាយយ៉ាងច្បាស់ៗថា ខ្ញុំពិតជាមានអារម្មណ៍ខឹងសម្បាខ្លាំងណាស់»។ ហើយតាមរយៈការបង្ហោះតាមបណ្ដាញសង្គម លោកបានបន្ថែមថា៖ «ការវាយប្រហារលើស្ថាប័នរបស់ជនជាតិជ្វីហ្វ និងការបង្កអំពើហិង្សា នៅតាមដងផ្លូវរបស់យើង គឺគួរឲ្យខ្ពើមរអើមណាស់ និងមិនអាចអត់ឱនឲ្យបានជាដាច់ខាត។ ការប្រឆាំងនឹងជនជាតិជ្វីហ្វ គ្មាននៅក្នុងប្រទេសអាល្លឺម៉ង់នោះឡើយ»។
សន្តិសុខត្រូវបានពង្រឹងនៅជុំវិញស្ថាប័នជនជាតិជ្វីហ្វ នៅអាឡឺម៉ង់ ចាប់តាំងពីការវាយប្រហារដ៏គួរឲ្យតក់ស្លុតរបស់ពួកក្រុមហាម៉ាសលើអ៊ីស្រាអែល និងបន្ទាប់មក ការសងសឹករបស់អ៊ីស្រាអែល បានធ្វើឲ្យមានភាពតានតឹង នៅក្នុងសហគមន៍អ្នកដែលនិយាយភាសាអារ៉ាប់ និងជនជាតិជ្វីហ្វរបស់ប្រទេសនេះ។
សម្រាប់ការផ្ដល់ជំនួយ នៅតំបន់មានជម្លោះវិញ លោក Scholz ក៏បានសង្កត់ធ្ងន់ផងដែរថា លោកមានទំនុកចិត្តថា អាចមានការអនុញ្ញាតឲ្យនាំយកជំនួយចូលទៅតំបន់ហ្គាហ្សា ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានកិច្ចពិភាក្សារបស់លោកជាមួយមេដឹកនាំនៃប្រទេសអ៊ីស្រាអែល ហ្ស៊កដានី និងអេហ្ស៊ីប៕