
ក្រសួងការបរទេសចិន បានឲ្យដឹង នៅថ្ងៃពុធ (ទី១៨ ខែតុលា) នេះថា ប្រទេសចិនបានដាក់ចេញផ្លូវការនូវការជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិក ជុំវិញការទប់ស្កាត់បន្ទះឈីបចុងក្រោយរបស់ខ្លួន បន្ទាប់ពីរដ្ឋបាលរបស់លោក Joe Biden បានបង្ហាញនូវវិធានការថ្មី ដើម្បីរឹតបន្តឹងបន្ថែមទៀតដល់ការចូលទៅប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនរបស់ទីក្រុងប៉េកាំង។
ក្នុងការឆ្លើយតបនឹងសំណួររបស់សារព័ត៌មាន Reuters ក្រសួងបានប្រាប់ថា៖ «ការរឹតបន្តឹង និងការបង្ខំឲ្យមានការបែកបាក់បែបនេះ សម្រាប់គោលបំណងនយោបាយ រំលោភលើគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌»។
ក្រសួងបានបន្ថែមថា សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមិនចង់រារាំងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិននោះទេ ដូច្នេះប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងប្រកាន់ខ្ជាប់នូវគោលការណ៍នេះ កុំឲ្យនិយាយបែបនេះ តែធ្វើបែបនោះ។
ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ (ទី១៧ ខែតុលា) បាននិយាយថា ខ្លួនគ្រោងនឹងបញ្ឈប់ការនាំចេញទៅកាន់ប្រទេសចិននូវបន្ទះឈីបសិប្បនិម្មិត (AI) កម្រិតខ្ពស់ ដែលផលិតដោយក្រុម Nvidia និងក្រុមហ៊ុនផ្សេងៗទៀត៕