សហរដ្ឋអាមេរិក ប្រើសិទ្ធិវ៉េតូ ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធដែលបានអំពាវនាវឲ្យផ្អាកប្រយុទ្ធដើម្បីបុព្វហេតុមនុស្សធម៌នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ដើម្បីអនុញ្ញាតឲ្យមានដំណើរការជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា។

ការបោះឆ្នោតលើឯកសារដែលបានពង្រាងដោយប្រទេសប្រេស៊ីល ត្រូវបានពន្យាពេល២ដង កាលពីពីរថ្ងៃមុន ខណៈសហរដ្ឋអាមេរិក ព្យាយាមសម្របសម្រួលដំណើរការផ្តល់ជំនួយទៅដល់តំបន់ហ្គាហ្សា។សមាជិកចំនួន១២រូប បានបោះឆ្នោតគាំទ្រឯកសារពង្រាងកាលពីថ្ងៃពុធ ខណៈរុស្ស៊ី និងចក្រភពអង់គ្លេស អនុប្បវាទ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាដែលមានសមាជិក១៥រូប បន្ទាប់ពីការបោះឆ្នោតថា យើងស្ថិតលើមូលដ្ឋាន ដែលកំពុងធ្វើការផ្នែកការទូតយ៉ាងប្រឹងប្រែង។ យើងជឿថា យើងចាំបាច់ត្រូវ អនុញ្ញាឲ្យបញ្ហានេះធ្វើការតាមរយៈការទូត។ ពិតណាស់ សេចក្តីសម្រេចគឺមានសារៈសំខាន់ ហើយក្រុមប្រឹក្សានេះត្រូវតែនិយាយដោយស្មោះត្រង់ ប៉ុន្តែចំណាត់ការទាំងអស់ដែលយើងធ្វើ ត្រូវបានជម្រាបប្រាប់ពីការពិត លើមូលដ្ឋាន និងការគាំទ្រកិច្ចប្រឹងប្រែងផ្នែកការទូតដោយផ្ទាល់។ ការគាំទ្រនេះ អាចជួយសង្គ្រោះជីវិត។ ជាធម្មតា ទីក្រុងវ៉ាស៊ីនតោនការពារសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួនពីសកម្មភាពណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ បានអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌បន្ទាន់ដើម្បីអនុញ្ញាតឲ្យមានការដោះលែងចំណាប់ថ្នូរ និងដំណើរការជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា។
រុស្ស៊ី បាននិយាយថា ខ្លួនបានស្នើសុំឲ្យមហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិក១៩៣ប្រទេស ត្រូវបានកោះហៅសម្រាប់កិច្ចប្រជុំពិសេសបន្ទាន់ស្តីពីជម្លោះនេះ។