ខណៈជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស រាលដាលកាន់តែធំ ក្រុមនិយតករ និងក្រុមអ្នកវិភាគ និយាយថា រលកនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមអ៊ីនធឺណិត ប្រឈមការដុតបញ្ឆេះភាពតានតឹង បន្ថែមទៀត និងធ្វើឲ្យជម្លោះរីកកាន់តែធំក្នុងសង្គ្រាមដ៏ធ្ងន់ធ្ងរមួយនេះ។ ការផ្ទុះនៅមន្ទីរពេទ្យហ្កាហ្សា (Gaza) ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់រយនាក់កាលពីថ្ងៃអង្គារ គឺជាការផ្តោតចុងក្រោយនៃសកម្មភាពកើនឡើង ខណៈក្រុមអ្នកគាំទ្រភាគីទាំងពីរនៅក្នុងការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសព្យាយាម ពង្រឹងការនិទានរឿងរបស់ភាគីខ្លួន និងដាក់ការសង្ស័យទៅលើភាគីម្ខាងទៀត។

លោកប្រធានាធិបតីអាមេរិក Joe Biden បានសំដៅលើបញ្ហាប្រឈមនៃការផ្ទៀងផ្ទាត់ព័ត៌មានក្នុងអំឡុងពេលជម្លោះនៅក្នុងការកត់សម្គាល់អំពីការផ្ទុះនៅមន្ទីរពេទ្យក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ ដោយនិយាយថាការទទួលខុសត្រូវចំពោះឧបទ្ទវហេតុ នេះទំនងជាស្ថិតនៅជាមួយសត្រូវរបស់អ៊ីស្រាអែល។
អង្គភាពត្រួតពិនិត្យការពិតរបស់សារព័ត៌មាន Reuters បានកំណត់ករណីជាច្រើននៃការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រើរូបភាពក្លែងក្លាយ និងព័ត៌មានអំពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស និងផ្សេងទៀតដែលការភាន់ច្រឡំជាជាងការចេរញផ្សាយព័ត៌មានមិនពិតដោយចេតនានាំឲ្យ មានភាពតានតឹងកាន់តែខ្លាំងឡើង។

គណនី X មួយមានឈ្មោះ ថា Farida Khan ដែលអះអាងថាជាអ្នកយកព័ត៌មានរបស់ក្រុមហ៊ុន Al Jazeera ក្នុងតំបន់ Gaza បានបង្ហោះសារមួយដោយនិយាយថា ពួកគេមានវីដេអូនៃការបាញ់របស់ក្រុមហាម៉ាស បានធ្លាក់លើមន្ទីរពេទ្យនៅក្នុងឧបទ្ទវហេតុកាលពីថ្ងៃអង្គារ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយAl Jazeera បានជូនដំណឹងជាបន្តបន្ទាប់ដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមថាគណនីនេះមិនមានទំនាក់ទំនងជាមួយសេវាកម្មព័ត៌មាននោះទេ ។ សារព័ត៌មាន Al Jazeera បានប្រាប់សារព័ត៌មាន Reuters ថា ខ្លួនពុំបានជួលបុគ្គលដែលមានឈ្មោះ Farida Khan ទេ។ ក្រោយមកគណនីត្រូវបានលុបចេញ៕