រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមៀអាប់ដូឡាហៀន (Hossein Amirabdollahian) បាននិយាយកាលពីថ្ងៃពុធទី១៨ ខែតុលា ថា សមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) គួរតែដាក់ទណ្ឌកម្មប្រេង និងទណ្ឌកម្មផ្សេងទៀតលើអ៊ីស្រាអែល ហើយបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលទាំងអស់ចេញពីក្នុងប្រទេសជាសមាជិក។

កិច្ចប្រជុំបន្ទាន់មួយរបស់ OIC កំពុងប្រព្រឹត្តទៅនៅទីក្រុង ចេដា (Jeddah) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាអំពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលកំពុងរីកកាន់តែធំ បន្ទាប់ពីមានការបំផ្ទុះនៅមន្ទីរពេទ្យមួយនៅតំបន់ហ្កាហ្សា កាលពីល្ងាចថ្ងៃអង្គារសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង៥០០នាក់។

ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្ដារដ្ឋមន្ត្រីការបរទេសអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មជាបន្ទាន់ និងពេញលេញលើអ៊ីស្រាអែលដោយបណ្ដាប្រទេសអ៊ីស្លាម រួមទាំងទណ្ឌកម្មប្រេង បន្ថែមពីលើការបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រសិនបើទំនាក់ទំនងជាមួយរបបប្រឆាំងជ្វីហ្វ (Zionist) ត្រូវបានបង្កើតឡើង ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ ក៏បានអំពាវនាវឱ្យមានការបង្កើតក្រុមមេធាវីអ៊ីស្លាម ផងដែរ ដើម្បីចងក្រងឯកសារឧក្រិដ្ឋកម្មសង្គ្រាមដែលអាចប្រព្រឹត្តដោយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។
សូមបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់មិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលទេ។
មុនពេលការផ្ទុះនៅមន្ទីរពេទ្យហ្កាហ្សាកាលពីថ្ងៃអង្គារ ក្រុមអាជ្ញាធរសុខាភិបាលក្នុងតំបន់នេះបាននិយាយថា មនុស្សយ៉ាងហោចណាស់ជាង៣.០០០ នាក់បានស្លាប់ក្នុងអំឡុងការទម្លាក់គ្រាប់បែករយៈពេល ១១ ថ្ងៃរបស់អ៊ីស្រាអែលដែលបានចាប់ផ្តើមបន្ទាប់ពីការវាយលុករបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ទៅលើសហគមន៍អ៊ីស្រាអែលភាគខាងត្បូង ដែលមនុស្ស ១.៣០០ នាក់បានស្លាប់ និងប្រមាណ២០០ នាក់ ត្រូវបាន ក្រុមហាម៉ាស ចាប់ជាចំណាប់ថ្នូរចូលទៅក្នុងតំបន់ហ្កាហ្សា៕