សហរដ្ឋអាមេរិក បានដកទណ្ឌកម្មមួយផ្នែកប្រឆាំងនឹងរដ្ឋាភិបាលលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីថ្ងៃពុធ បន្ទាប់ពីកិច្ចព្រមព្រៀងមួយដែលរបបសង្គមនិយម បានឈានដល់មួយថ្ងៃមុនជាមួយនឹងក្រុមប្រឆាំងវ៉េណេហ្ស៊ុយអេឡាក្នុងការកំណត់ផែនទីបង្ហាញផ្លូវសម្រាប់ការបោះឆ្នោតប្រធានាធិបតីដោយសេរី នៅឆ្នាំក្រោយ។

នៅក្នុងសេចក្តីប្រកាសមួយដែលធ្វើឡើងដោយក្រសួងការបរទេស និងក្រសួងរតនាគារ រដ្ឋបាលលោកចូ បៃដិន បាននិយាយថា ខ្លួននឹងផ្តល់អាជ្ញាប័ណ្ណទូទៅរយៈពេល៦ខែ ផ្តល់សិទ្ធិជាបណ្តោះអាសន្ននូវប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យប្រេង និងឧស្ម័ននៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា និងអាជ្ញាប័ណ្ណទូទៅទីពីរ ដែលផ្តល់សិទ្ធិឲ្យប្រតិបត្តិការក្រុមហ៊ុនMinerven គ្រប់គ្រងដោយរដ្ឋ ដែលជាសហគ្រាសរុករករ៉ែមាស ដែលត្រូវបានដាក់ទណ្ឌកម្មពីមុន ដែលធ្វើការជួញដូរ ក្នុងទីផ្សារងងឹត។

លើសពីនេះទៅទៀតនោះ រដ្ឋបាលលោកបៃដិន បានលុបចោលការហាមឃាត់ការជួញដូរលើមូលបត្របំណុល និងបំណុល និងភាគហ៊ុនរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡាមួយចំនួន ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរដ្ឋ Petróleos de Venezuela, PDVSA។