ក្រុមបាល់បោះ Maccabi Tel Aviv របស់អ៊ីស្រាអែលបានមកដល់កីឡដ្ឋានទីក្រុង Valencia នៅថ្ងៃពុធម្សិលមិញ ដោយមានការការពារយ៉ាងតឹងរ៉ឺងដោយប៉ូលីសអេស្ប៉ាញ បន្ទាប់ពីក្រសួងមហាផ្ទៃអេស្ប៉ាញ បានប្រកាសការប្រកួត Euroleague ស្ថិតក្រោមហានិភ័យខ្ពស់។

វីដេអូបង្ហាញពីម៉ាស៊ីនរាវរកជាតិផ្ទុះមួយ ដែលត្រូវបានប្រើប្រាស់នៅច្រកចូល ដើម្បីត្រួតពិនិត្យរបស់របររបស់អ្នកគាំទ្រ។
Maccabi Tel Aviv បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយពួកគេនឹងពាក់អាវពណ៌ខ្មៅដែលសរសេរថា "នាំពួកគេមកផ្ទះឥឡូវនេះ" ដោយសំដៅទៅលើចំណាប់ខ្មាំងអ៊ីស្រាអែល។

នៅព្រឹកព្រលឹម ប៉ូលិសអេស្ប៉ាញត្រូវបានដាក់ពង្រាយនៅខាងក្រៅមជ្ឈមណ្ឌលកីឡា Fuente de San Luis។
ក្រសួងមហាផ្ទៃអេស្ប៉ាញបានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសអេស្ប៉ាញបានបង្កើនវិធានការសន្តិសុខនៅចំណុចរសើប និងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មទ្វេដង ខណៈដែលប្រទេសអឺរ៉ុបផ្សេងទៀតបាននិយាយថា ពួកគេប្រឈមនឹងការកើនឡើងនៃការគំរាមកំហែងជ្រុលនិយមចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។





មន្ត្រីប៉ូលិសប្រមាណ ៧០០នាក់ នឹងត្រូវដាក់ពង្រាយនៅក្នុងទីក្រុងឆ្នេរសមុទ្រ ដែលក្រុមបាល់បោះ Valencia នឹងជួបជាមួយ Maccabi Tel Aviv៕ អត្ថបទ៖នាង សុភាវុធ