ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយកាលពីថ្ងៃពុធថាប្រទេសចិន ត្រៀមជាស្រេចដើម្បីធ្វើការជាមួយអង្គការសហប្រជាជាតិ បង្កើតវឌ្ឍនភាពរឹងមាំក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ នៅពេលលោកជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដែលកំពុងស្ថិតនៅក្នុងទីក្រុងប៉េកាំង ចូលរួមក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣(BRF)។

លោក Xi បាននិយាយថា លោក Guterres បានចូលរួមវេទិកាខ្សែក្រវ៉ាត់នឹងផ្លូវ សម្រាប់លើកទី៣ក្នុងការបង្ហាញជាបន្តបន្ទាប់នូវការគាំទ្ររបស់អង្គការសហប្រជាជាតិសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRF)។
លោក Xi និយាយថា នៅឆ្នាំនេះ ជាការប្រារព្ធខួបលើកទី១០ ចាប់តាំងពីលោកបានស្នើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ហើយកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ បានបង្ហាញថាមពលខ្លាំងក្លានិងមុះមុត ហើយត្រូវបានស្វាគមន៍យ៉ាងទូលំទូលាយដោយសហគមន៍អន្តរជាតិ ទាំងជាឆន្ទះសាធារណៈ និងទាំងវេទិកាកិច្ចសហប្រតិបត្តិការ។

លោក Xi បានកត់សំគាល់ថា អង្គការសហប្រជាជាតិ គឺជាដៃគូដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ ដោយបង្ហាញពីការកោតសរសើរសម្រាប់ការគាំទ្រជាយូរអង្វែងរបស់ប្រមុខអង្គការសហប្រជាជាតិក្នុងគំនិតផ្ទួចផ្តើមនេះ។ លោក Guterres បានសម្តែងការសាទរចំពោះប្រទេសចិន ដែលប្រារព្ធទសវត្សរ៍ដំបូងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។ លោកនិយាយថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ផ្តល់មធ្យោបាយដ៏សំខាន់ និងមានប្រសិទ្ធភាព ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍ ឲ្យទទួលបានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។