ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីដឹកនាំសមាជិក-សមាជិកាគណបក្សធ្វើពិធីស្មិងស្មាធិ៍ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ក៏បានណែនាំឲ្យសមាជិកបរិច្ចាគឈាមផងដែរ ដើម្បីឧទ្ទិស និងថ្វាយព្រះរាជកុសលផលបុណ្យដល់ព្រះវិញ្ញាណក្ខន្ធព្រះអង្គ។
ពិធីបរិច្ចាគឈាមនេះ គឺបានធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅ ផ្លូវ សម្តេចប៉ាន់ ដោយមានមន្រ្តីជាន់ខ្ពស់ និងសមាជិក-សមាជិកាគណបក្សជាច្រើននាក់ចូលរួម។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងថា ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានណែនាំឲ្យសមាជិក-សមាជិកា ស្ម័គ្រចិត្តបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនេះ គឺដើម្បីចូលរួមសកម្មភាពមនុស្សធម៌ផង និងដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយ អតីតព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋផង។
លោកបន្តថា ការបរិច្ចាគឈាមគឺជាអំពើមនុស្សធម៌មួយ ដែលមនុស្សគ្រប់រូបអាចធ្វើបាន និងមានតម្លៃធំធេងណាស់ ក្នុងការជួយដល់អាយុជីវិតមនុស្ស ដែលស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់។
លោក ញឿន រ៉ាដែន បានលើកឡើងទៀតថា ក្រៅពីជួយដល់សុខភាពរបស់យើងទាំងអស់គ្នាការបរិច្ចាគឈាមក៏នឹងធ្វើឱ្យយើងមានមោទនភាព ដែលយើងបានរួមចំណែកជាមួយការងារសង្គមជាតិ ក្នុងសកម្មភាពមនុស្សធម៌ ប្រកបដោយសុឆន្ទៈ នៃការជួយសង្គ្រោះជីវិតអ្នកជំងឺផងដែរ។
តាមរយៈអ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសមាជិក សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់ ប្រសិនបើមាន សុខភាពល្អប្រសើរ ហើយអាចបរិច្ចាគឈាមបានគប្បីនាំគ្នាស្ម័គ្រចិត្តទៅបរិច្ចាគឲ្យបានគ្រប់ៗគ្នា ហើយការបរិច្ចាគឈាមនេះក៏មិនបានប៉ះពាល់ដល់សុខភាព របស់យើងនោះដែរ៕ អត្ថបទបាន ចក់








