ក្រុមជើងឯកពិភពលោក ៣សម័យ នូវែលសេឡង់ បានធ្វើឱ្យការហ្វឹកហាត់ក្រោមដំណក់ទឹកភ្លៀងនៅទីលានហ្វឹកហាត់ជាយក្រុងប៉ារីសប្រទេសបារាំង មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួតបាល់ឱបជើងឯកពិភពលោកទល់នឹងអាហ្សង់ទីនថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ក្រុមរបស់លោក Ian Foster បានរងបរាជ័យប្រកួតដំបូងនៃការប្រកួតជើងឯកពិភពលោកកាលពីវគ្គចែកពូលក្រោមស្នាដៃក្រុមម្ចាស់ផ្ទះបារាំង តែមុនឡើងមកដល់វគ្គនេះ ពួកគេបានទំលាក់ក្រុមលំដាប់លេខ១ ពិភពលោកសាធារណរដ្ឋអៀរឡង់ ២៨-២៤ នៅវគ្គ ៨ ក្រុមចុងក្រោយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ចំណែកក្រុមបាល់ឱបអាហ្សង់ទីនស្គាល់ជ័យជំនះលើនូវែលសេឡង់ត្រឹម ២ លើកប៉ុណ្ណោះក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ពោលគឺជ័យជំនះចុងក្រោយបំផុតកាលពីខែសីហាឆ្នាំ ២០២២។
រំលឹកថា នូវែលសេឡង់បានធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពី ៤ ឆ្នាំមុននៅពេលបាល់ឱបពិភពលោករៀបចំនៅទឹកដីជប៉ុន។
ជ័យជំនះលើអាហ្សង់ទីនៅថ្ងៃសៅរ៍ខាងមុខ នូវែលសេឡង់នឹងមានឱកាសស្វែងរកជើងឯកពិភពលោកលើកទី៤ ដោយនឹងត្រូវជួបជាមួយអ្នកឈ្នះរវាងអាហ្វ្រិកខាងត្បូង រឺអង់គ្លេស៕ អត្ថបទ៖នាង សុភាវុធ