សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (១៨ តុលា) បានបរាជ័យក្នុងការជ្រើសរើសប្រធានថ្មី នៅក្នុងការបោះឆ្នោតជុំទីពីរ ខណៈសមាជិកសភាស្តាំនិយម លោក ជីម ជោឌែន (Jim Jordan) ដែលជាប្រធានគណៈកម្មាការតុលាការរបស់សភា បានបាត់បង់សម្លេងគាំទ្រកាន់តែច្រើនពីគណបក្សរបស់ខ្លួន បើធៀបនឹងការបោះឆ្នោតជុំទីមួយ ស្របពេលការខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកគណបក្សសាធារណរដ្ឋ នៅតែបន្ត។

លោក ជោឌែន បានឈ្នះការគាំទ្រចំនួន ១៩៩សម្លេង ក្នុងចំណោមសមាជិកសភាសាធារណរដ្ឋ ចំនួន ២២១រូប ដោយបាត់បង់ការគាំទ្រចំនួន ២២សម្លេង ពីគណបក្សសាធារណរដ្ឋនៅក្នុងការជ្រើសរើសប្រធានសភាថ្មីជុំទី២ នៃការបោះឆ្នោតសភាពេញអង្គ ខណៈមេដឹកនាំជនជាតិភាគតិចរបស់សភា លោក ហាឃីម ជែហ្វហ្វ្រី (Hakeem Jeffries) ដែលជាបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ បានទទួលសម្លេងឆ្នោតទាំងអស់ដែលមាន ២១២សម្លេង ពីគណបក្សរបស់លោក។

ទាំងលោក ជោឌែន និងលោក ជែហ្វហ្វ្រី មិនបានទទួលកាគាំទ្រពេញលេញសម្រាប់សម្លេងឆ្នោតភាគច្រើនចំនួន ២១៧សម្លេង ដែលត្រូវការដើម្បីក្លាយជាប្រធានសភាបន្ទាប់នោះទេ។
សភាអាមេរិក មិនអាចឆ្ពោះទៅមុខលើដំណើរការនីតិប្បញ្ញត្តិរបស់ខ្លួនបានទេ រហូតទាល់តែប្រធានសភាថ្មីត្រូវបានជ្រើសរើស ហើយសមាជិកសភាត្រូវអនុម័តច្បាប់ចំណាយ មុនពេលថវិការបស់រដ្ឋាភិបាល អស់នៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ។ សភាអាមេរិក ក៏ស្ថិតក្រោមសម្ពាធក្នុងការចាត់វិធានការដោះស្រាយ ស្របពេលជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល កាន់តែខ្លាំងឡើងផងដែរ៕