អ៊ីរ៉ង់បានអះអាងកាលពីថ្ងៃពុធ (១៨ តុលា) អំពីការបញ្ចប់ «ដោយគ្មានលក្ខខណ្ឌ» នៃការរឹតបន្តឹងដែលបានដាក់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើសកម្មភាពទាក់ទងនឹងមីស៊ីលរបស់ខ្លួន ខណៈសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មី នៅថ្ងៃដដែលនោះលើកម្មវិធីមីស៊ីល និងយានដ្រូនរបស់ទីក្រុងតេអេរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា «ថ្ងៃនេះជាផ្នែកចុងក្រោយនៃការរឹតបន្តឹងប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការបង្កកទ្រព្យសម្បត្តិ និងការរឹតបន្តឹងហិរញ្ញវត្ថុ ដែលបានដាក់អស់រយៈពេលជាច្រើនឆ្នាំដោយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC»។
សេចក្តីថ្លែងការណ៍នោះបានព្រមានថា ឥឡូវនេះ សកម្មភាពណាមួយដែលមានបំណងដាក់ទណ្ឌកម្ម ឬការរឹតត្បិតលើអន្តរកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់អ៊ីរ៉ង់ គឺផ្ទុយនឹងការបញ្ចប់ការរឹតបន្តឹង ក្រោមសេចក្ដីសម្រេចឥឡូវនេះក្រុមប្រឹក្សាសន្តិសុខ UNSC លេខ២២៣១ ដោយសង្កត់ធ្ងន់លើសិទ្ធិរបស់អ៊ីរ៉ង់ ក្នុងការអនុវត្តវិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃដដែលនោះ សហរដ្ឋអាមេរិកបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីបញ្ជាក់ថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ នឹងនៅតែត្រូវបានដាក់ទណ្ឌកម្ម បើទោះបីជាការរឹតបន្តឹងរបស់ក្រុមប្រឹក្សាសន្តិសុខ UNSC ផុតកំណត់ក៏ដោយ។ ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ បានប្រកាសដាក់ទណ្ឌកម្មថ្មីលើក្រុមមនុស្ស និងក្រុមហ៊ុននានា ជុំវិញការចោទប្រកាន់ថា មានទំនាក់ទំនងទៅនឹងកម្មវិធីមីស៊ីលបាលិស្ទិក ព្រមទាំងយានដ្រូនរបស់អ៊ីរ៉ង់ផងដែរ៕

