មហន្តរាយដែលមិនធ្លាប់មានពីមុនមក កំពុងកើតឡើងចំពោះជនស៊ីវិល នៅតំបន់ហ្គាហ្សា នេះបើយោងតាមអង្គការសហប្រជាជាតិ ដែលកំពុងអង្វរដល់ក្រុមមេដឹកនាំឥស្លាម ឲ្យអនុញ្ញាតឲ្យមានកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ចូលទៅក្នុងទឹកដី ដើម្បីជួយអ្នកដែលជាប់នៅទីនោះ។

ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយជំរុញឲ្យក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការឥស្លាម «គាំទ្រយ៉ាងរឹងមាំ និងដោយគ្មានលក្ខខណ្ឌចំពោះកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ដើម្បីការពារជនស៊ីវិល នៅតំបន់ហ្គាហ្សា»។
អគ្គស្នងការ UNRWA លោក Philippe Lazzarini បានបញ្ចេញ «រូបភាពដ៏អាក្រក់» ពីមន្ទីរពេទ្យ Al-Ahli ក្នុងតំបន់ហ្គាហ្សា ជាកន្លែងដែលមនុស្សជិត ៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះ កាលពីយប់ថ្ងៃអង្គារ ដើម្បីបង្ហាញពីស្ថានភាពជនស៊ីវិល ដែលបន្តរស់នៅក្នុងហ្គាហ្សា។

លោក Lazzarini បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសមួយផ្សេងទៀត បានត្រូវចំសាលារៀនមួយរបស់UNRWA ដែលផ្តល់ជម្រកដល់ជនភៀសខ្លួនចំនួន ៤.000 នាក់ កាលពីថ្ងៃអង្គារ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់ ស្លាប់។
លោក Lazzarini បាននិយាយទៀតថា៖«មហន្តរាយដែលមិនធ្លាប់មានពីមុនមកនេះ កំពុងកើតឡើងចំពោះយើងទាំងអស់គ្នា»។ «តំបន់ហ្គាហ្សា កំពុងត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ហើយពិភពលោកហាក់ដូចជាបាត់បង់មនុស្សជាតិរបស់ខ្លួន»។